បុរសម្នាក់ បានជិះម៉ូតូបុករថយន្តគេ បណ្តាលឲ្យរងរបួសខ្លួនឯង នៅកន្លែងកើតហេតុ

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៦ ខែ តុលាឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ៣៣១ កែងផ្លូវលេខ ៥៧៤ខាងលិច វិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដែលបង្កដោយបុរសម្នាក់ បានជិះម៉ូតូបុករថយន្តគេ បណ្តាលឲ្យរងរបួសខ្លួនឯង នៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ ម្ចាស់រថយន្តមិនបានដោះស្រាយដោយផ្ទាល់ទេ តែមានកូនចៅក្រុមការងាររបស់គាត់ ចាំជួយដោះស្រាយជាមួយជនរងគ្រោះផងដែរ។

ប្រភពដដែលបានបន្តទៀតថារថយន្តមួយគ្រឿងខាងលើ មានម៉ាកឡិចស៊ិស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BK-៧៧៩៩ ដែលសមត្ថកិច្ចអះអាងថា ជារថយន្តរបស់លោកឧត្តមសេនីយ៍ឯកម្នាក់ ។ ចំណែកម៉ូតូពាក់ស្លាកលេខ ទ.៩៤៧៩ ភព១ បើកបរដោយបុរសម្នាក់ បានរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូន ទៅសង្គ្រោះនៅគ្លីនិកឯកជន ។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេឃើគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវលេខ ៥៧៤ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន លុះពេលមកដល់ចំណុចផ្លូវកែង ក៏បានបុកចំកណ្តាលរថយន្តម៉ាកឡិចស៊ិស ៥៧០ដែលធ្វើដំណើរតាមផ្លូវលេខ ៣៣១ ក្នុងទិសដៅពីជើងទៅត្បូង។

តាមប្រភពព័ត៌មានបានអោយដឹងទៀតថា គ្រោះថ្នាក់នោះបណ្តាលអោយអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់បែកមុខ ហើយដេកស្តូកស្តឹងនៅលើដងផ្លូវ ។ ចំណែក រថយន្តរងការខូចខាតកំពិតចំហៀងខាងឆ្វេង និងផ្ទុះពោងសុវត្តិភាព ។

បន្ទាប់ពីគ្រោះថ្នាក់ គេឃើញនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយអ្នកបើកបរបានហៅគ្នាចេញមុខសម្របសម្រួលជាមួយនគរបាលលមូលដ្ឋានដោយអោយរថយន្តចេញពីកន្លែងកើតបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

នៅកន្លែងកើតហេតុ គេឃើញភាគីខាងរថយន្ត ក៏បាននៅចាំទំនាក់ទំនង់ជាមួយបងប្អូនជនរងគ្រោះ ដើម្បីសម្របសម្រួលគ្នាផងដែរ ។ ម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីទុកប្រគល់អោយម្ចាស់វិញ ៕

អត្ថបទដែលជាប់ទាក់ទង