ទើបស្គាល់គ្នាជិត២ខែ បបួលមកភ្នំពេញដើម្បីរកការងារធ្វើ រួចបោកយកម៉ូតូទៅបាត់

(ភ្នំពេញ)៖ នារី បម្រើរការនៅភោជនីយដ្ឋានមួយកន្លែង ត្រូវជាជនសង្ស័យ ដែលនាងទើបស្គាល់គ្នាជិត២ខែ បបួលមកភ្នំពេញដើម្បីរកការងារធ្វើ រួចបោកយកម៉ូតូទៅបាត់ ថែមទាំងគំរាមសម្លាប់ទៀត។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងតាំងពីចុងខែកក្កដា ឆ្នាំ២០២០មកម្លេះ តែនារីរងគ្រោះទើបបានមកដាក់ពាក្យប្តឹងនៅដើមសប្តាហ៍នេះ។

ជនសង្ស័យឈ្មោះ ញើង អ៊ាង អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកឯជនរងគ្រោះឈ្មោះ យ.ស អាយុ២៣ឆ្នាំ ជាអ្នកបម្រើការនៅភោជនីយដ្ឋានមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ម៉ូតូដែលជនសង្ស័យជិះយកទៅនោះ ម៉ាក ស៊ូមើ ពណ៌លឿងលាយស ស៊េរី២០១៧ ពាក់ផ្លាកលេខ កំពង់ធំ 1N-2850។

បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថានៅមុនកើតហេតុ ជនរងគ្រោះ បានទៅរកបន្ទប់ជួលស្នាក់នៅ ជិតម្ដុំវត្តកៀនឃ្លាំង ពេលដែលជួលបន្ទប់បានហើយ ជនសង្ស័យបាននិយាយពាក្យសម្ដីដ៏ផ្អែម លួងលោមនាងខ្ចីម៉ូតូនារីរងគ្រោះ ជិះទៅម្ដុំចោមចៅ និងផ្លូវវេងស្រេង ដើម្បីទៅរកការងារធ្វើ តែពេលជនសង្ស័យត្រឡប់មកដល់បន្ទប់ជួលវិញ មិនឃើញម៉ូតូ ជនរងគ្រោះ បានសួរថា «ឯណាម៉ូតូ?» ជនសង្ស័យបានប្រាប់នាងវិញថា ម៉ូតូរូបគេបានផ្ញើទុកនៅកន្លែងឃ្លាំង ទាល់តែម្ចាស់គេមកវិញ ទើបយកបាន។

ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យ បានទៅបាត់រហូត រូបនាងបានទាក់ទងតាមទូរស័ព្ទសួររក ទើបជនសង្ស័យឆ្លើយប្រាប់នាងវិញថា ម៉ូតូបានបាត់ហើយ រួចគំរាមនាងវិញថា។

ជនរងគ្រោះ បានបន្តទៀតថា ជនសង្ស័យ បានគម្រាមសម្លាប់ចោល ប្រសិនបើហ៊ានប្រាប់ទៅដល់ម្ដាយ និងក្រុមគ្រួសារ ឬប្ដឹងសមត្ថកិច្ច។

លុះរហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះរឿងនេះ ក៏បានបែកធ្លាយ ទៅដល់ម្ដាយ និងប្អូនស្រី ទើបស្រ្តីជាម្ដាយ ចេញដំណើរពីស្រុកមកជួបកូន នៅបន្ទប់ជួល រួចនាំទៅដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើម្បីឲ្យជួយស្វែងរក ចាប់ជនឆបោករូបនេះ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង