ផ្លូវថ្នល់ចំនួន១២៣ខ្សែ មានចំនួន ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន ៤០០ គីឡូម៉ែត្រ ក្នុងនោះផ្លូវដីក្រួសក្រហម ១៤០គីឡូម៉ែត្រ ត្រូវបានទទួលរងនូវការលិចលង់

(បាត់ដំបង)៖ នៅក្នុងដំណើរដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្លូវជាតិនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ផ្លូវថ្នល់ចំនួន១២៣ខ្សែ មានចំនួន ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន ៤០០ គីឡូម៉ែត្រ ក្នុងនោះផ្លូវដីក្រួសក្រហម ១៤០គីឡូម៉ែត្រ ត្រូវបានទទួលរងនូវការលិចលង់ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។

ជាមួយគ្នានោះថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ទេសរដ្ឋមន្ត្រីខាងលើ បានចុះពិនិត្យនៅរង្វង់មូលយាយទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានស្ថានភាពទឹកជំនន់លិចខ្លាំង ដោយបានណែនាំឲ្យមន្ដ្រីជំនាញ ធ្វើការកាយប្រឡាយដើម្បីរំដោះទឹក សម្រួលចរាចរណ៍ ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើការពង្រីកប្រព័ន្ធលូបង្ហូរទឹកឱ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹក ទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋដែលឋិតនៅខាងក្រោមផ្លូវ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរថា ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មាន ចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូន ធុនធ្ងន់ កុំបើកបរនៅលើផ្លូវទាំងឡាយ ដែលកំពុងទទួលរងការជន់លិច ពិសេសផ្លូវជាតិលេខ៥។
លោកបានបន្តទៀតថា ចំពោះរថយន្តដឹកទំនិញធំៗ ពីប៉ោយប៉ែត សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៦ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការ កុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេស រងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ៕

អត្ថបទដែលជាប់ទាក់ទង