ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២០ តុលា បានជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធត្រូវរួសរាន់បង់ពន្ធឲ្យបានទាន់ពេលត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំនេះនៅតាមសាខាពន្ធដារ រាជធានី-ខេត្ដ និងខណ្ឌហើយក្នុងករណីមិនបង់ពន្ធទាន់ពេលនឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពីការរំឭកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២០ និងអនុលោមតាមប្រកាសលេខ ៥៣១ ចុះថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ គឺការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ។ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖ «ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ»។
អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធឱ្យរួសរាន់ទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលានៅសាខាពន្ធដារ ខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីចៀសវាងនូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេពីម្សិលមិញ។ ប៉ុន្ដែបើតាមសេចក្ដីជូនដំណឹងដដែល អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់ថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធស្របតាមការកំណត់របស់ច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមប្រមូលពន្ធលើយានយន្តនៅឆ្នាំនេះ ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ហើយក៏នឹងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានបង់ពន្ធឆ្នាំចាស់ដែលកន្លងផុតនោះទៅតាមច្បាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងត្រីមាសទី ៣ ឆ្នាំ ២០២០ បង្ហាញថា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ ចំណូល ពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩០១៥,០៨ ប៊ីលានរៀល (២២២៥.៩៥ លានដុល្លារអាមេរិក) ស្មើនឹង ៧៨,១០% នៃផែនការប្រចាំឆ្នាំ។
ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ឃើញថា ចំណូលពន្ធអាករសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ កើនឡើង ចំនួន ៣២៥,២៧ ប៊ីលានរៀល (ប្រមាណ ៨០,៣១ លានដុល្លារអាមេរិក) ស្មើនឹង ៣,៧១%។
លោក គង់ វិបុល បានថ្លែងតាមរយៈសេចក្ដីប្រកាសព័ត៌មាននេះថា ឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្ហាញនូវសញ្ញា និងផលប៉ះពាល់ជាអវិជ្ជមានមកលើចំណូលពន្ធ ជាពិសេសប្រភេទពន្ធ និងវិស័យសំខាន់ៗក្នុងត្រីមាសទី ៣ ឆ្នាំនេះ។
លោកបានថ្លែងថា៖ «ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានតាមផែនការដែលបានកំណត់អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ដយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល»។
ជុំវិញការព្រមានក្នុងការបង់ពន្ធយឺតហួសពេលកំណត់នេះលោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមើលឃើញថា ក្នុងដំណាក់កាលចុងក្រោយនេះតាមរយៈទំនើបកម្មនៃបច្ចេកវិទ្យា អគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់ឱ្យមានប្រព័ន្ធផ្ដល់សេវាកម្មបង់ពន្ធតាមអនឡាញធ្វើឱ្យមានតម្លាភាព និងប្រសិទ្ធភាពជាងមុន។
លោកថ្លែងថា៖ «នៅក្នុងបរិបទដែលកម្ពុជា ជួបវិបត្ដិសេដ្ឋកិច្ចច្រើនដែលកើតចេញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ជាដើមនេះ ពលរដ្ឋទូទៅមានហានិភ័យហិរញ្ញវត្ថុធំធេង។ បើពលរដ្ឋមានកាតព្វកិច្ចច្រើនដូចជាត្រូវផ្គត់ផ្គង់គ្រួសារផង បង់កម្ចីធនាគារផង ហើយពួកគាត់ត្រូវងាកមកបង់ពន្ធទៀត ខ្ញុំគិតថា ពួកគាត់នឹងមានបញ្ហាហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ប្រចាំគ្រួសារ។ ដូច្នេះរាល់ការទាមទារយកថវិកាពីពលរដ្ឋក្នុងដំណាក់កាលនេះ គួរតែមានការសិក្សា និងវាយតម្លៃច្បាស់លាស់ពីផលប៉ះពាល់ ព្រោះពលរដ្ឋ បើសិនជាគាត់គ្មានលទ្ធភាពបង់ពន្ធ គឺគ្មានជម្រើសអ្វីក្រៅពីគេចការបង់ពន្ធនោះទេ»៕