អភិបាលស្រុកបន្ទាយស្រី បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វពស់ និងសត្វអសិរពិសគ្រប់ប្រភេទ

(សៀមរាប)៖ នាពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រីវ័យក្មេង និងមានប្រជាប្រិយភាព បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វពស់ និងសត្វអសិរពិសគ្រប់ប្រភេទ នៅពេលដែលកំពុងជួបគ្រោះទឹកជំនន់។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អភិបាលស្រុកខាងលើ បានលើកឡើងថា “«ហានិភ័យ» 🤭និយាយលេងទេ តែគ្រាន់តែចង់រំលឹកថា ពេលមានទឹកលិចបែបនេះ សូមបងប្អូនបង្កើតការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអសិរពិសគ្រប់ប្រភេទ“។

ជាមួយគ្នាមនោះផងដែរលោក ឃឹម ហ្វីណង់ បានទទូចដល់មាតាបីតាគ្រប់រូប គប្បីកុំកូនៗចុះលេងទឹកស្របពេលកំពុងមានគ្រោះទឹកជំនន់ ព្រោះថាទឹកទាំងនេះជាប្រភពមេរោគ ដែលអាចងាយនឹងកើតជំងឺ ហើយណាមួយទៀតផងនោះការចុះលេងទឹកនៅតាមតំបន់ដែលមានទឹកហូរខ្លាំង អាចបណ្តាលលង់ទឹក និងប៉ះពាល់ដល់អាយុជីវិតបាន។

លោកបានលើកឡើងថា »មិនគួរលេងសប្បាយជាមួយទឹកជំនន់ឡើយ ព្រោះទឹកទាំងអស់នេះមានមេរោគច្រើនណាស់ ងាយនឹងកើតជំងឺ និងរឹតតែត្រូវបង្កើនអនាម័យឱ្យបានខ្ពស់ថែមទៀត ជាពិសេស មិនគួរបណ្តោយឱ្យក្មេងៗហែលទឹក ឬលោតទឹកលេងនៅតាមតំបន់ដែលមានទឹកហូរខ្លាំងឡើយ ព្រោះវាអាចបណ្តាលលង់ទឹក និងប៉ះពាល់ដល់អាយុជីវិតបាន»។

គួរបញ្ជាក់ផងដែរថា យោងតាមប្រភពព័ត៌មានពី  មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកនៅតាមស្ទឹង និង ទំនប់អាងក្នុងខេត្តសៀមរាប នៅតែមមានជន់ឡើង និង ស្រកចុះសម្រាប់ថ្ងៃនេះ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជាក់ថា, ទំនប់អាងម្កាក់ បច្ចុប្បន្នកម្ពស់ទឹក ១៦,៩ម៉ែត្រ ស្រកជាងពីថ្ងៃម្សិលមិញ ០,១០ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ១៧,៥០ ម៉ែត្រ, ទំនប់អាងក្សាក បច្ចុប្បន្នកម្ពស់ទឹក ២,០៨ ម៉ែត្រ ស្រកជាងពីថ្ងៃម្សិលមិញ ០,០៣ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ២,៥០ ម៉ែត្រ, ទំនប់អាងស្ទឹងស្រែង បច្ចុប្បន្នកម្ពស់ទឹក ២៦,៨៣ ម៉ែត្រ ស្រកជាងពីថ្ងៃម្សិលមិញ ០,០២ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ២៦,៧០ ម៉ែត្រ និងទំនប់អាងស្ពានស្រែង បច្ចុប្បន្នកម្ពស់ទឹក ១៤,១០ម៉ែត្រ ឡើងជាងថ្ងៃម្សិលមិញ ០,១៨ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ១៣,៥០ ម៉ែត្រ។

ចំុះណែកឯកម្ពស់ទឹកស្ទឹងវិញ គឺស្ទឹងបន្ទាយស្រី បច្ចុប្បន្នកម្ពស់ទឹក ៣,៥០ ម៉ែត្រ ស្រកជាងថ្ងៃម្សិលមិញ ០,៣០ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ៦,០០ ម៉ែត្រ, ស្ទឹងជីក្រែង បច្ចុប្បន្នកម្ពស់ទឹក ៨,០០ ម៉ែត្រ ឡើងជាងថ្ងៃម្សិលមិញ ០,១៤ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ៨,០០ ម៉ែត្រ, ស្ទឹងក្រឡាញ់ បច្ចុប្បន្នកម្ពស់ទឹក ៨,៣៦ ម៉ែត្រ ឡើងជាងថ្ងៃម្សិលមិញ ០,០៦ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ៨,០០ ម៉ែត្រ និងស្ទឹងសៀមរាប ចំណុចអាងក្រពើ បច្ចុប្បន្នកម្ពស់ទឹក ១២,១០ម៉ែត្រ ស្រកជាងថ្ងៃម្សិលមិញ ០,៣០ ម៉ែត្រ ខណៈពេលប្រកាសអាសន្នកម្ពស់ទឹក ១៣,៥០ ម៉ែត្រ ។
ដោយឡែកកម្ពស់ទឹកទន្លេសាបនៅថ្ងៃនេះ មានកម្ពស់ ៤,៣០ ម៉ែត្រ ឡើងជាងពីថ្ងៃម្សិលមិញ ០,១០ម៉ែត្រ ខណៈឆ្នាំមុន នៅថ្ងៃទី២២ ខែតុលានេះដែរ ទឹកមានកម្ពស់ ៥,៥០ម៉ែត្រ ៕
អត្ថបទដែលជាប់ទាក់ទង