បុរសម្នាក់ត្រូវរថយន្តបែនបើកបុកពីក្រោយពេញទំហឹង ផ្ទប់រថយន្តសណ្តោងរ៉ឺកម៉កចតទុកចោល ស្លាប់យ៉ាងអាណោចអាធ័ម

(ភ្នំពេញ) ៖ នាវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០  បុរសម្នាក់ត្រូវរថយន្តបែនបើកបុកពីក្រោយពេញទំហឹង ផ្ទប់រថយន្តសណ្តោងរ៉ឺកម៉កចតទុកចោល ស្លាប់យ៉ាងអាណោចអាធ័ម ដែលកើតឡើងតាមបណ្តោយផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ ជឹម ទឹម អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល 1I-3960 ចំណែករថយន្តបែនបង្ក ពាក់ស្លាកលេខ ភ្នំពេញ3B-6315 ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែន មកទិសដៅស្របគ្នា បុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង ផ្ទប់ជាមួយរថយន្តសណ្តោងរុឺម៉កចតទុកចោល បណ្តាលឲ្យគៀបជាប់គ្នា និងជនរងគ្រោះស្លាប់ធ្លាក់ពោះវៀនចេញយ៉ាងអាណោចអាធ័ម ។ បន្ទាប់ពីបង្កហេតុតៃកុងរថយន្ត និងព្រូ បានរត់គេចខ្លួនបាត់ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ច ។

សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកកន្លែងកើតហេតុធ្វើការវាស់វែង និងទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលសពយកធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចាត់ការតាមនីតីវិធី ៕

អត្ថបទដែលជាប់ទាក់ទង