ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពាក់របាំងមុខ ជិះកាណូតលក់ថ្នាំញៀន នៅតាមដងទន្លេ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ជនសង្ស័យចែកចាយ​ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងវ៉ាង ប្រុសអាយុ ២៥ឆ្នាំ រស់នៅផ្ទះបណ្ដែតទឹក ក្នុងភូមិសង្កាត់ខាងលើ តែងពាក់មុខរបាំងមុខបន្លំភ្នែកសមត្ថកិច្ច ក្នុងការជិះកាណូតលក់ថ្នាំញៀន។

មន្រ្តីនគរបាលចុះបង្ក្រាប បានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ខាងជំនាញបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី និងសុំការអនុញ្ញាតពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការឆែកឆេរនៅពីលើផ្ទះរបស់ជនសង្ស័យខាងលើ និងនាំយកមកការិយាល័យគ្រឿងញៀនខេត្តដើម្បីធ្វើការសាកសួរបន្ត។

នៅពេលនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ ដាវមួយ កាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅតាមដងទន្លេ រួមនិងមធ្យោបាយបម្រើដល់ការជក់មួយចំនួនផងដែរ។ ជនសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀត ឈ្មោះ ថាយ ង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់។ ជនសង្ស័យដែលឃាត់ខ្លួនបាន រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង