កម្មករចេញប្រមូលសំរាម ទីក្រុងភ្នំពេញលែងមានក្លិយទៀតហើយ

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ទើរគ្រប់ទីកន្លែងទាំងអស់ នៅក្នុងទីក្រុងភ្នំពេញ មានគំនរសំរាមជាច្រើន ត្រូវគេគរចោល ធ្វើឲ្យវាជះក្លិនអាក្រក់ស្អុយសាយភាយ ពិបាកនឹងដកដង្ហើម តែនៅពេលនេះនឹងលែងមានបញ្ហាបែបនេះទៀតហើយ ព្រោះអ្វីៗនឹងវិលទៅរកសភាពដើមវិញ ដោយសារអាជ្ញាធររាជធានីភ្នំពេញ ខិតខំដោះស្រាយបញ្ហាទាំងឡាយ ដែលកើតមាននាពេលកន្លងមក ហើយបងប្អូនកម្មកររបស់ក្រុមហ៊ុន ស៊ីន ទ្រី ក៏បានវិលចូលធ្វើការវិញ និងខិតខំប្រឹងប្រែងប្រមូលសំរាមទាំងនោះឲ្យអស់ ក្នុងពេលឆាប់ៗនេះ។

ការកកស្ទះសំរាមគរឡើងគំនរដូចភ្នំនេះ បានជះក្លិនស្អុយពេញទីក្រុង ក្រោយពេលក្រុមកម្មករក្រុមហ៊ុនស៊ិនទ្រី បានធ្វើកូដកម្ម មិនព្រមចូលធ្វើការ និងមិនចេញប្រមូលសំរាម។ បើទោះជាយ៉ាងនេះក្ដី អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដោយប្រើប្រាស់រថយន្តថ្មីចំនួន៧០គ្រឿង ម៉ូតូកង់បីជាង១០០គ្រឿង រួមជាមួយកម្លាំងតាមខណ្ឌ តាមផ្សារចុះប្រមូលសំរាមដឹកចេញ ទាំងយប់ទាំថ្ងៃ បន្ថែមទៀតដែរ តែវាមិនអាចអស់ភ្លាមៗនោះឡើយ ដោយសារសំរាមគរច្រើនពេក។

បើតាមមន្រ្ដីជំនាញ បានឲ្យដឹងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ផលិតសំរាម រហូតដល់ទៅ ២ ៨៦៥ តោន ក្នុងមួយថ្ងៃៗ ហើយសំរាមទាំងនោះ ត្រូវបានដឹកយកទៅចាក់ទីលាន។ ប៉ុន្ដែចាប់តាំងពីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ក្រោយពេលបងប្អូនកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្ម លែងចេញប្រមូលសំរាម។ ចាប់ទាំងពីពេលនោះមក សំរាមត្រូវកកស្ទះ ដែលមានរហូតរាប់ម៉ឺនតោន គរជាគំនរស្ទើរគ្រប់ទីកន្លែង ពាសពេញទីក្រុងភ្នំពេញ។

មន្រ្ដីដដែល បានបន្ដថា កាលណាសំរាមកកស្ទះយូរថ្ងៃ វាមានក្លិនស្អុយអ៊ីចឹងហើយ ទើបពេលយើងធ្វើដំណើរទៅដល់ទីណា តែងធុំក្លិនស្អុយបែបនេះ។ ប៉ុន្ដែបើបងប្អូនកម្មករចូលធ្វើការវិញ យើងសង្ឃឹមថា វានឹងវិលទៅរកស្ថានភាពជាធម្មតាវិញហើយ។

ជាមួយគ្នានេះដែរ មន្រ្ដីជំនាញក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការភ្ញាក់រឭកខ្ពស់ អំពីសំរាមនេះ យើងត្រូវចូលរួមទាំងអស់គ្នា ទើបទីក្រុងរបស់យើងស្អាត។ យើងមិនត្រូវបោះសំរាមចោលផ្ដេសផ្ដាសនោះឡើយ។ យើងគ្រប់គ្នាត្រូវចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ងាយស្រួលដល់បងប្អូនកម្មករ មកយកទៅដាក់ នៅក្នុងរថយន្ដប្រមូលសំរាម៕

     

អត្ថបទដែលជាប់ទាក់ទង