ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆកា កម្ពុជានិងមានឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន
(ភ្នំពេញ) ៖ នៅថ្ងៃទី២៧ ខែតុលានេះ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស បានបង្ហាញពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជានិងមានឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ។
យោងតាមសេចក្តីជូននដំណឹងពីក្រសួងធនធានទឹកដែលអង្កភាពសារព័ត៌មាន ទទួលបានបញ្ជាក់ថា៖ អាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង ។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ជ្រលងវិស្ពាធ និងសម្ពាធទាមម៉ូឡាវ មានឥទ្ធិពលមកលើកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០ ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឲ្យ១ – បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ ហើយបណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។
២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលានេះ ។
៣- តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
និងមានសីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ៕