ពិតជាលឿនមែន! ករណីឆក់កាបូបនារីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅជិតប៉ុស្ដិ៍កាកាប២ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់បានហើយ

ភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើងខាងលិចប៉ុស្តិ៍កាកាបទី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីម្នាក់ បណ្តាលឲ្យរងរបួស បន្ទាប់ពីមានការចងកអិលបង្ហាញពីលោកអធិការខណ្ឌរួចមក លោកនាយប៉ុស្តិ៍កាកាបទី២ បានដឹកនាំកម្លាំងតាមក្របួចជាប់ត្រឹមរយៈពេលមួយថ្ងៃ។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ប៊ុន ឈឿនពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ អាសង់ ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រកាដ។ រហូតមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញសហការចុះឃាត់បានជនសង្ស័យទាំង២នាក់ ម្នាក់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀត ឃាត់បាននៅទឹកដីសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពត 1C-8834 មានដឹកបន្លែមកពីផ្សារ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែលិខមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកនិច មិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ដែលនៅក្នុងនោះមាន ទូរស័ព្ទ លុយ និងសម្ភារផ្សេងៗទៀត រួចជនរងគ្រោះ ក៏បានដួលបោកក្បាលសន្លប់ស្តូកស្តឹង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភាមៗ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ ព្យាយាមគេចខ្លួនបាន១ថ្ងៃ ត្រូវកម្លាំងប៉ុស្តិ៍សហការគ្នាតាមក្របួចជាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២ ត្រូវបានកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង