ជនសង្ស័យជាមុខសញ្ញា លួច ប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

(កណ្តាល)៖ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យជាមុខសញ្ញា លួច ប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ក្រោយពីបានបើកឡានបំបុកឡានសមត្ថកិច្ច ធ្វើឲ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យមុខសញ្ញាចោរម្នាក់នេះរងរបួស ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ រុស្ស៊ី រាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃ ក្រសួងមហាផ្ទៃចំនួន១២នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកមុខកំពូល តាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ការចាប់ខ្លួនមុខសញ្ញា នេះ គឺ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៤១៦ «ឈដចន» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពបន្ដថា នៅវេលាកើតហេតុ កម្លាំងចម្រុះ បានចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះយន ប៊ុនថុង ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជនសង្ស័យកំពុងស្នាក់នៅទីនោះ ។

ពេលនោះកម្លាំងចម្រុះបានឈប់នៅមុខផ្ទះ ។ ភ្លាមៗនោះជនសង្ស័យក៏បានបើករថយន្តរត់គេចខ្លួន និងបើករថយន្តបំបុករថយន្ត របស់លោកអធិការស្រុកមុខកំពូល ម៉ាកកាមរី បាឡែន ។ ពេលនោះសមត្ថកិច្ច ក៏បានបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយហើយក៏ផ្លាតគ្រាប់ត្រូវជនសង្ស័យ ។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង