ទីបំផុត លោកអាន គុណកូឡា បានទម្លាយមុខមាត់របស់គូស្នេហ៍រហូតដល់ដឹកដៃគ្នាថត Pre-wedding ត្រៀមចូលរោងការហើយ!

តារាចម្រៀងវ័យក្មេងសំនៀងស្រួយស្រែសម្ចាស់បទ “លាមុនស្អប់” លោកអាន គុណកូឡា ទីបំផុតបានទម្លាយមុខមាត់របស់គូស្នេហ៍រហូតដល់ដឹកដៃគ្នាថត Pre-wedding ត្រៀមចូលរោងការហើយ ក្រោយពីស្ងប់ស្ងាត់ការចេញបទចម្រៀងក្នុងវិស័យសិល្បៈអស់មួយរយៈពេលធំមកនេះ។

អតីតអ្នកចម្រៀងជួរមុខក្នុងផលិតកម្ម M រូបនេះ បើទោះបីជាមិនបានចេញបទចម្រៀងថ្មីៗជូនអ្នកគាំទ្រក៏ពិតមែន  ប៉ុន្តែកាលពីមួយរយៈមុនលោកក៏បានចេញចម្រៀងក្នុងនាមជាតារាកិត្តិយសក្នុងផលិតកម្ម Avatar Pro មួយបទដែរ ដើម្បីជាការពញ្ញាក់អារម្មណ៍អ្នកគាំទ្រ និងដើម្បីស្ទាបស្ទង់ពីសន្ទុះប្រជាប្រិយភាពរបស់ខ្លួន គឺបទ “ទ្រាំបានប៉ុណ្ណា យកប៉ុណ្ណឹង”។ ការចេញបទថ្មីក្នុងន័យកុំឱ្យអ្នកគាំទ្រភ្លេចមុខនេះ បានបង្ហាញឱ្យដឹងថាលោកនៅតែមានទឹមដមសំនៀង និងការគាំទ្រពីមហាជនក្នុងតួលេខមួយគួរឱ្យកត់សម្គាល់ដដែល។

ទោះបីជាយ៉ាងណា ការចេញជាកម្រងរូបភាពបង្ហាញភាពផ្អែមល្ហែមត្រៀមចូលរោងជ័យនេះ លោកមិនបានបញ្ជាក់ថា នឹងដឹកដៃអនាគតភរិយាប្រគល់និងទទួលផ្កាស្លា អញ្ជើញភ្ញៀវអបអរថ្ងៃនៃពិធីជ័យរបស់ខ្លួននៅពេលណានោះឡើយ គ្រាន់តែដឹងថា អាចនឹងឆាប់ៗនេះតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង