ជនសង្ស័យម្នាក់នៅសុខៗយកផ្លែដាវនិងដុំថ្ម កាប់និងគប់លើរថយន្តរបស់គេឱ្យខូចខាតត្រូវប៉ូលិសឃាត់ខ្លួន

(កណ្តាល) ៖ ជនសង្ស័យម្នាក់នៅសុខៗយកផ្លែដាវនិងដុំថ្ម កាប់និងគប់លើរថយន្តរបស់គេឱ្យខូចខាតត្រូវប៉ូលិសឃាត់ខ្លួន នាថ្ងៃអង្គារទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៤និង៣០នាទីល្ងាច នៅចំណុចផ្លូវលំក្បែរវត្តឈើទាលភ្លោះ ភូមិឈើទាភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សៅ សំណាង ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សម្ភារៈខូចខាតរថយន្តម៉ាក វី វ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5863 ក្រពឹតដំបូលម៉ាសុីន ខាងស្ដាំចំនួន០២កន្លែង ។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ គង់ ឈិនឡុង ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ។ វត្ថុតាងចាប់យកបាន ១.ដាវដែកចំនួន០១និង២.ដុំថ្ម ចំនួន០២ដុំ(តូចមួយ ធំមួយ)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី០៣វិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីល្ងាច ប្រពន្ធជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះគោលបំណងទៅទិញម្ហូបនៅផ្សារកំពង់ប្រាសាទ។ពេលនោះ ក៏បានឃើញជនសង្ស័យដើរចូលក្បែរ ស្រះត្រីរបស់ខ្លួនតែម្នាក់ឯង ដោយដៃទទេ ។

បន្ទាប់មកប្រពន្ធជនរងគ្រោះក៏ជិះម៉ូតូមកដល់រោងលក់កាហ្វេរបស់ឈ្មោះថន នៅក្បែរវត្តឈើទាលភ្លោះ ហើយក៏បានឈប់ម៉ូតូប្រឡែងលេងជាមួយចៅរបស់ខ្លួនបានប្រហែល០៥នាទី ក៏ឃើញជនសង្ស័យដើរត្រឡប់មកពីទិសខាងលិចវិញ ដោយមានកាន់វត្ថុតាងដូចបានរៀបរាប់ខាងលើ។

ពេលមកដល់មុខរោងលក់កាហ្វេនោះ ជនសង្ស័យបានសម្លឹងមុខប្រពន្ធជនរងគ្រោះយ៉ាងមាំ ឃើញដូច្នេះប្រពន្ធជនរងគ្រោះមិនហ៊ានបន្តដំណើរទៅមុខទៀត ក៏បានតេទូរស័ព្ទហៅប្ដីរបស់ខ្លួន(ជនរងគ្រោះ)ដើម្បីឱ្យជូនខ្លួនទៅទិញម្ហូបនៅផ្សារ។ ពេលនោះជនរងគ្រោះ ក៏បានជិះរថយន្តរបស់ខ្លួនខាងលើមកជួបប្រពន្ធ ។ពេលមកដល់ប្រពន្ធបានជិះម៉ូតូទន្ទឹមនឹងរថយន្តរបស់ខ្លួនដល់កន្លែងកើតហេតុ ។

ស្រាប់តែជនសង្ស័យខាងលើ បានស្ទុះចេញពីចន្លោះក្លោងទ្វារវត្តដៃម្ខាងកាន់ដាវ និង ដៃម្ខាងទៀតរើសដុំថ្មគប់មកលើរថយន្ត របស់ជនរងគ្រោះបណ្ដាលឱ្យមានស្លាកស្នាម ខូចខាតដូចបានរៀបរាប់ខាងលើ រួចក៏គេចខ្លួនបាត់។

លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច ជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយអំពារ។ ក្រោយពីទទួលបានព័ត៌មានរួចមកសមត្តកិច្ចប៉ុស្តិ៍និងជំនាញបាន តាមស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពកាន់ដាវនិងយកដុំថ្មគប់ដំបូលម៉ាស៉ីនរថយន្តរបស់ជនរងគ្រោះបណ្ដាលឱ្យខូចខាតពិតប្រាកដមែន» ។ ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសមុខកំពូលដើម្បីកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង