អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ណែនាំឱ្យខណ្ឌ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពង្រឹងលើការបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បន្តការពង្រឹងលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអោយបានល្អប្រសើរ។

ការជំរុញនឹងការដាក់ចេញជាវិធានការជាថ្មីទៀតនេះ របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំ
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ មានទាំងល្បែងតាមអនឡាញ ល្បែងស៊ីសងបៀ អាប៉ោង ជល់មាន់ជាដើម
នៅតែបន្តកើតមាននៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវ

ចុះធ្វើការស្រាវជ្រាវនិងមានវិធានការបង្រ្កាប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ដោយឡែកចំពោះអ្នកកត់ឆ្នោតឡូតូ យើងគួរចុះទៅណែនាំពួកគាត់ផងដែរ ដោយមិនគួរឲ្យពួកគាត់ឆ្នោតឡូតូដែលមានច្បាប់អនុញ្ញាតនេះ ដូចគេលក់អីវ៉ាន់ចាប់ហួយនោះទេ ។

ជាងនេះទៅទៀតលោកក៏ បានណែនាំឲ្យមានវិធានការផងដែរ ទៅលើការបង្ក្រាបគ្រឿងញៀន ការជួញដូរមនុស្សនិងការពិនិត្យរដ្ឋបាលនៅតាមផ្ទះសំណាក់ ខុនដូនិងបុរីជាដើម ដើម្បីធ្វើយ៉ាងរក្សាបាននូវសន្តិសុខល្អល្អជូនប្រជាពលរដ្ឋ ។

លោកបញ្ជាក់ទៀតថា ចំពោះកិច្ចការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់យើងកន្លងមកនេះឃើញថា អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ ដែលយើងត្រូវខិតខំបំពេញបន្ថែមឲ្យបានល្អថែមទៀត ។ លោកថា យើងបានបំពេញការងារល្អហើយ តែបើយើងធ្វេសប្រហែសតែបន្តិចនោះ វានឹងនាំឱ្យយើងខូចឈ្មោះដែលយើងខំកសាងយ៉ាងលំបាកកន្លងមក ដូច្នេះត្រូវតែប្រឹងប្រែងនិងម៉ឺងម៉ាត់ ។

បន្ថែមពីលើនេះទៀត ចំពោះបញ្ហាសណ្តាប់ធ្នាប់សាធារណៈ លោកឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរពង្រឹងបន្ថែមផងដែរ ពិសេសលើបណ្ដោយផ្លូវទាំង១១ខ្សែដែលយើងបាននិងកំពុងអនុវត្ត ដោយមិនត្រូវឱ្យមានការរំលោភបំពាន ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នោះទេ។ដោយឡែក
ចំពោះឡានដឹកដី ដឹកខ្សាច់ដែលធ្វើឱ្យប្រឡាក់ផ្លូវធ្វើឱ្យដីហុយធ្វើឱ្យខូចផ្លូវអាជ្ញាធរបស់យើងក៏ត្រូវតែមានវិធានការអោយបានតឹងរឹងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង