ក្រសួងសុខាភិបាល ប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីម្នាក់ ជា​អង្គរក្ស​ការពារ​ផ្ទាល់ ​ជូន​គណប្រតិភូ​ហុងគ្រី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី១នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។

សូមបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើ គឺជា​បុរស​ជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​ ដែលគាត់ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណប្រតិភូ​ហុងគ្រី​ មាន​អាស័យ​ដ្ឋាន​នៅ​សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយសារ​គាត់​មាន​រោគសញ្ញាគួរឲ្យសង្ស័យ​ ដូច​ជា​មាន​ រមាស់​បំពង់ក ​និង​ក្អក​។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានយកវត្ថុ​សំណាក​របស់​បុរសខាងលើទៅពិនិត្យជាលើកទីពីរ ហើយ​លទ្ធផល​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ។

បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់ ឲ្យសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៩៥ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។

ដោយឡែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទដែលជាប់ទាក់ទង