ហេតុផលនៅពីក្រោយ ដែលមេដឹកនាំចិន និងរុស្ស៊ី មិនទាន់អបអរសាទរលោក ចូ បៃដិន

ពិភពលោកទាំងមូល បានដឹងលទ្ធផលបោះឆ្នោតឈ្នះចាញ់ រវាង លោក ចូ បៃដិន ជាមួយលោក ដូណាល ត្រាំ រួចហើយ និងបានផ្ញើរសារព្រោងព្រោងព្រាតអបអរសាទរ លោក ចូ បៃដិន ប្រធា​នា​ធិបតីសហរដ្ឋអាមេរិកថ្មី ដែលបានយកជ័យជម្នះលើ លោកត្រាំ។

ប៉ុន្តែនៅមានមេដឹកនាំមហាអំណាចធំៗ មួយចំនួន ដូជាប្រទេសរុស្ស៊ី ដែលមានលោក ពូទីន ជា​អ្នកដឹកនាំ និងលោក ស៊ី ជីងពីង ប្រធានាធិបតីចិន ហាក់មិនទាន់និយាយ​អ្វីអំពីលទ្ធផល​ឆ្នោត​នៅអាមេរិកនោះទេ។ តើមានហេតុផលនៅពីក្រោយអ្វី បានជាមេដឹកនាំទាំងនោះ មិនបានបញ្ចេញសំលេង ជុំវិញលទ្ធផលឆ្នោតនៅអាមេរិក?
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន

កាលពីឆ្នាំ ២០១៦ វិមានក្រឹមឡាំង បានអបអរសាទរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ នៅប៉ុន្មានម៉ោង បន្ទាប់ពីបញ្ចប់ការប្រកួតប្រជែង ប៉ុន្តែនៅឆ្នាំ ២០២០នេះវិញ លោក ពូទីន ហាក់មិនបានផ្ញើសារដូចពីអាណត្តិមុនទេ ពោលគឺស្ងាត់ដូចគេចុកម៉ាត់។

កាលពីថ្ងៃច័ន្ទ មន្ត្រីនាំពាក្យ វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ក្រុងម៉ូស្គូ នឹងរងចាំលទ្ធផលបោះឆ្នោតផ្លូវការ មុនពេលធ្វើអត្ថាធិប្បាយទៅលើលទ្ធផលបឋមនេះ។
នៅក្នុងរដ្ឋការរបស់លោកត្រាំ អាមេរិក បានដាច់ទំនាក់ទំនងគោលនយោបាយយូរអង្វែង ដោយសារការលើកសរសើរបស់លោក ពូទីន។
នាយកវិទ្យាស្ថានមួយរបស់អាមេរិក លោក ការីន វ៉ុន ហ៊ីបពែល (Karin von Hippel) បាននិយាយថា លោក ចូ បៃដិន នឹងខិតខំធ្វើការ ជាមួយដៃគូសម្ព័ន្ធមិត្ត ក្នុងការទប់ទល់ជាមួយរុស្ស៊ី ទោះបីជាការព្យាយាមសម្លាប់ជនជាតិរុស្ស៊ីនៅបរទេស ឬក៏មេដឹកនាំ​ប្រឆាំងផ្ទាល់ខ្លួនក៏ដោយ ដូចជាការព្យាយាមចោទ សកម្មជននៅស៊ីរី និងគ្រីមៀ ជាដើម។ លោក Hippel គិតថា លោក ពូទីនដឹងថា នឹងមានរឿងកាន់តែច្រើន ក្នុងការព្យាយាមសាកល្បងរុស្ស៊ី។

លោក បៃដិន នឹងបង្ហាញជំហានផ្លាស់ប្តូររុស្ស៊ី ពោលគឺជំហរនេះមានតាំងពី នៅពេលចុងបញ្ចប់នារដ្ឋការលោក បារ៉ាក់ អូបាម៉ា។
ផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី ៦០ នាទី CBS ចុងខែតុលា លោក ចូ បៃដិន បានហៅរុស្ស៊ីថាជាគ្រោះថ្នាក់ធំ សម្រាប់សន្តិសុខជាតិអាមេរិក ខណៈដែល វិមានក្រឹមឡាំង បានឆ្លើយតបវិញថា រុស្ស៊ីមិនយល់ស្របនឹងពាក្យសម្តីរបស់លោក ចូ បៃដិននោះទេ ហើយថាវោហាស័ព្ទរបស់លោក បៃដិន បានធ្វើឱ្យមានការស្អប់ខ្ពើមសហព័ន្ធរុស្ស៊ី។

ប្រធានាធិបតីចិន លោក ស៊ីជីងពីង

គេចាំបានថា កាលពីបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានថ្លែងសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ត្រាំភ្លាមៗ បើទោះបីដឹងថាគោលនយោបាយលោក ត្រាំ ប្រឆាំងចិនក៏ដោយ តែលោក ស៊ី បានអំពាវនាវឱ្យមានស្ថិរភាព និងរក្សាទំនាក់ទំនងដើរទៅមុខ។

ទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរ បានដុនដាបខ្លាំង ចាប់តាំងពីមានការបែងចែក ទៅលើទំហំពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស ការចោទប្រកាន់ចិនក្នុងការពង្រឹងខ្លួន និងការស្តីបន្ទោសចិន ជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩។

តែនៅពេលនេះវិញ រដ្ឋាភិបាលចិន ហាក់មិនអើពើ ក្នុងការស្វាគមន៍ តំណែងប្រធានាធិបតីថ្មី លោក ចូ បៃដិន ហើយបានច្រានចោលសំណួរពីការអបអរលោក បៃដិន ចំពោះជ័យជម្នះនៃការបោះឆ្នោត។

វាមិនពិបាកយល់ទេថាហេតុអ្វី បានជាទីក្រុងប៉េកាំងស្ទាក់ស្ទើរក្នុងចិត្តចំពោះលទ្ធផលនេះ។ លោក បៃដិន មានអំនួត ក្នុងការចាត់វិធានការប្រឆាំងចិន ដោយប្រើវិធីផ្ទុយពីលោកត្រាំ។

ទីក្រុងប៉េកាំង អាចនឹងមិនធ្វើការសម្របសម្រួល ជាមួយរដ្ឋការអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោក ចូ បៃដិន ជាពិសេស ដូចជាហានីភ័យ ចំពោះសកម្មភាពដែលមិនអាចទស្សន៍ទាយដឹងមុន។

លោក វ៉ុន ហ៊ីពែល បាននិយាយប្រាប់សារព័ត៌មាន ស៊ីអិនអិន (CNN) ថា ទោះបីជាលោកបៃដិន តឹងរឹងចំពោះចិន ហើយនឹងធ្វើការជាមួយដៃគូសម្ព័ន្ធមិត្ត ស្វែងរកគោលនយោបាយរួមជាមួយចិន វេទិការរបស់លោកចូ ក៏អាច នឹងធ្វើជាមួយចិនទៅតំបន់ ដែលមានផលប្រយោជន៍ ឬអ្វីដែលគេដឹងថា ពាក់ព័ន្ធនឹងការបម្លាស់ប្តូរអាកាសធាតុ ឬបញ្ហាកូរ៉េខាងជើង។

តាមអ្នកវិភាគ វានឹងមានភាពប្រសើរសម្រាប់ចិន ដោយសារតែ វាមិនដូចពេលដែលស្ថិតក្រោមសក្ករាជរបស់លោក ដូណាល ត្រាំនោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង