ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវចម្រុះដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន៣ស្រុកក្រុង ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ៖ នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ចំនួន៣ ស្រុក ក្រុង មានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នាខេត្តបន្ទាយមានជ័យ បានទទួលពូជស្រូវចម្រុះ ពីឯកឧត្តម ហ៊ុន ម៉ា ណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងការអញ្ជើញចែកពូជស្រូវចម្រុះជូនប្រជាកសិករនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ និង ត្រូវមានការអធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវ ផងដែរ ៕