អាមេរិក៖ លោក ចូ បៃដិន បាននិយាយថា ការបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតកាលពីសប្តាហ៍មុនពីសំណាក់ប្រធានាធិបតីផុតអាណត្តិ លោក ដូណាល ត្រាំ គឺជារឿងដែលគួឱ្យអាម៉ាស់។ លោក ចូ បៃដិន ដែលគេគ្រប់គ្នាដឹងថា ជាបេក្ខភាព ប្រធានាធិបតីជាប់ឆ្នោតថ្មីថ្មោង បានបញ្ជាក់ថា គ្មានអ្វីមករារាំងការផ្ទេរអំណាចបានទេ។
ចំណែកឯ លោក ដូណាល ត្រាំ បានសរសេរនៅលើសារបណ្តាញសង្គមធ្វីតទ័រថា លោកពិតជាឈ្នះ ក្នុងការបោះឆ្នោត ខណៈដែលបណ្តាញផ្សព្វផ្សាយទូរទស្សន៍ធំៗជាច្រើន បានផ្សាយថាលោកបានចាញ់ការបោះឆ្នោតហើយ។
លទ្ធផលផ្លូវការនឹងត្រូវដឹងច្បាស់នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ក្នុងពេលដែលប្រតិភូបោះឆ្នោតជួបគ្នា។
ប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សប្រជាធិបតី លោក ចូ បៃដិន បានបង្ហាញសញ្ញាថា លោក កំពុងចាប់ផ្តើមដំណើរការបង្កើតក្រុមផ្លាស់ប្តូរ ដើម្បីឈានទៅដឹកនាំសេតវិមានសហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ ២០២១ ទោះបីគណបក្សសាធារណរដ្ឋអាមេរិក ដែលដឹកនាំដោយលោក ត្រាំ មិនទទួលស្គាល់ថាខ្លួចាញ់។
លោក បៃដិននិយាយថា យើងមើលមិនឃើញអ្វី ដែលមករារាំង ក្នុងការរៀបចំក្រុមផ្លាស់ប្តូរនោះទេ។ លោក ចូ បៃដឹកបន្តថា មេដឹកនាំគណបក្សសាធារណរដ្ឋ រួមទាំងមេដឹកនាំមតិភាគច្រើនក្នុងសភា នឹងអបអរទៅនឹងលទ្ធផលជ័យជម្នះរបស់លោក។
យ៉ាងណាក៏ដោយ លោក ត្រាំ ឯនោះវិញ នៅបដិសេធទៅនឹងលទ្ធផលដែលផ្សព្វផ្សាយថាលោកចាញ់។ ហើយថា មានការរាប់សំឡេងឆ្នោតក្លែង ដែលធ្វើឱ្យលោកចាញ់ ដោយក្រុមលោក បានដាក់ពាក្យបណ្តឹងទៅតុលាការ ខណៈដែលតុលាកកំពុងដំណើរក្តីលើរឿងនេះ៕