ព្រឹកនេះ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយ​ម្នាក់!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយ​ម្នាក់។

ករណីជាសះស្បើយខាងលើ គឺជាជនជាតិឥណ្ឌា​អាយុ ៣៣ ឆ្នាំ​ ដែលមានមាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ ០៤ ក្រុងព្រះសីហនុ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសរូបនោះបាន​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា​ ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ និង​បន្ត​ជើងហោះហើរ​ នៅ​ប្រទេស​កូរ៉េខាងត្បូង​ មកដល់​កម្ពុជា​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា​ឆ្នាំ ២០២០។

តាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ចំនួន ០២ដង ​និង​ត្រូវ​បាន​អនុញ្ញាត ឲ្យចេញពី​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៦ ករណី ក្នុងនោះអ្នកជំងឺ២៩៦ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង