សម្តេច​តេជោ​ ហ៊ុន​ សែន ផ្តល់អំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា ដោយសារក្នុងលិខិតនោះ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពសារព័ត៌មាន ទទួលបានមុនបន្តិច ដោយលិខិតរបស់សម្តេចតេជោបានចាត់តាំងឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពសារព័ត៌មាន ទទួលបានដដែលបានបញ្ជាក់ថា៖ ខ្ញុំសូមសំដែងជាថ្មីម្តងទៀតនូវការអបអរសារទរដ៏ស្មោះស័្មគ្រជូនលោកជំទាវចំពោះជ័យជំនៈយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម័្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ានាពេលថ្មីនេះ ដែលបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់លោកជំទាវក្នុងការដឹកនាំមីយ៉ាន់ម៉ាឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរក្នុងកិច្ចផ្សះផ្សារ ​និងកសាងជាតិ។ ខ្ញុំក៏សូមអាះអាងជាថ្មីនូវការប្តេជ្ញារចិត្តធ្វើការយ៉ាងជិតស្និតជាមួយលោកជំទាវ ក្នុងក្របខខណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀតសម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន។

លិខិតរបស់សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ ក្នុងស្មារតីមិត្តភាព ​និងសាមគ្គិផាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាំងនាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាស់ចំនួន២.០០០.០០០ (ពីរលាន) និងសម្ភារៈ​វេជ្ជសាស្ត្រមួយចំនួនទៀតជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

ទន្ទឹមនេះខ្ញុំបានចាត់តាំងឯកឧត្តមសាស្ត្រាចារយ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះទៅកាន់រដ្ឋធានីណៃពិដោ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមយន្តហោះពិសេស។ ជាមួយកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យក្នុងការប្រយុទ្ធប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ហើយយើងនិងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង