គួរឱ្យភ្ញាក់ផ្អើល! លោក វណ្ណដា បានព្រលយសារបង្ហាញពីការទទួលរង បណ្ដឹងពីក្រុមហ៊ុនទូរសព្ទចល័តដ៏ធំមួយ ទាមទារឱ្យលោកចូលខ្លួនដោះស្រាយ

ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍សម្រាប់វិស័យចម្រៀងក្នុងស្រុក ក៏ព្រោះតែតារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យមួយរូបគឺលោក វណ្ណដា ស្រាប់តែព្រលយសារបង្ហាញពីការទទួលរង បណ្ដឹងពីក្រុមហ៊ុនទូរសព្ទចល័តដ៏ធំមួយ ទាមទារឱ្យលោកចូលខ្លួនដោះស្រាយ ដោយបានចោទប្រកាន់ថារូបលោកបំពានច្បាប់ការងារ។ ប៉ុន្តែ តារាចម្រៀងទម្រង់មុខស៊ិចស៊ីរូបនេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ។

ក្នុងការចេញមុខបកស្រាយឲ្យមហាជនបានដឹងអំពីបញ្ហារបស់ខ្លួន តារាចម្រៀងរូប​នេះបានរៀបរាប់ដោយភ្ជាប់ជាមួយវីដេអូខ្លីដ៏កម្រមួយឱ្យដឹងថា៖ “សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានរឿងខ្លះមកចង់ប្រាប់ដល់អ្នកទាំងអស់គ្នា ដោយសារតែមានបញ្ហាច្រើនពេក ខ្ញុំសូមនិយាយនៅក្នុងវីដេអូទាំងអស់តែម្ដង។ ដូច្នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាស្ដាប់នូវវីដេអូនេះឲ្យចប់ ហើយក៏សង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់សិល្បករខ្មែរមួយរូបដូចជាខ្ញុំ ដែលនឹងចេញសាលក្រមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ៨:00 ព្រឹក។ ជាចុងក្រោយ ខ្ញុំបាទសូមធ្វើការអរគុណទៅដល់អ្នកទាំងអស់គ្នា សម្រាប់ការស្ដាប់អំពីបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំ។ អរគុណ!”

នេះអាចនិយាយបានថាជាលើកទីមួយហើយ ដែលតារាចម្រៀងស្រស់សង្ហាវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះបង្ហាញអំពីរឿងរ៉ាវឯកជនផ្ទាល់ខ្លួនប្រាប់ដល់មហាជនខណៈដែលកន្លងមកលោក បង្ហាញតែអំពីសកម្មភាពសិល្បៈនិងមិនចូលចិត្តសម្ញែងឬក៏បង្ហាញនូវរឿងរ៉ាវផ្ទាល់ខ្លួនឲ្យមហាជនបានដឹងនោះឡើយ។ ទោះបីជាយ៉ាងណា ក្នុងន័យទទួចឲ្យមហាជនចូលរួមដឹងឮក្នុងរឿងប្ដឹងប្ដល់នេះ យើងមិនទាន់ដឹងថាលោកនឹងទទួលបានលទ្ធផលនៃការកាត់ក្ដីបែបណា ហើយក៏រឹតតែមិនដឹងថា តើការពិតនៅពីក្រោយរឿងនេះបែបណានោះដែរ ព្រោះថានេះគ្រាន់តែជាការបកស្រាយពីភាគីម្ខាងតែប៉ុណ្ណោះ។ ងាកមកភាពជោគជ័យក្នុងវិស័យចម្រៀងវិញ បើទោះបីជាលោកមានបញ្ហាជាមួយក្រុមហ៊ុនមួយ ប៉ុន្តែ ក៏មានក្រុមហ៊ុនទូរសព្ទចល័តដ៏ធំមួយផ្សេងទៀតទទួលរូបលោកធ្វើជាទូតសុឆន្ទៈ ជាអ្នកតំណាងផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន ក្នុងតម្លៃខ្លួនមួយខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង