ឯកឧត្តម ស សុខា អញ្ជើញចែកគ្រាប់ពូជបន្លែ និងអំណោយជូនប្រជាពលរដ្ឋ៣០០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ ព្រឹកនេះជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចំនួន ៣ ០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ផងដែរ។

ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីខែតុលាកន្លងទៅនេះ ក្រុមការងារ បាននាំយកអំណោយ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្ត្រ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមមាន ៖ គ្រាប់ពូជបន្លែ ចំនួន ៦មុខ និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចែកជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៣ ០០០គ្រួសារ នោះផងដែរ។

ទោះបីអំណោយដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ៣ ០០០គ្រួសារ មានចំនួនតិចតួចក្តី ប៉ុន្តែវាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវស្មារតី នៃវប្បធម៌ចែករំលែក និងសាមគ្គីភាពនៅក្នុងសង្គមខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាការឆ្លុះបញ្ចាំងទៅនឹងពាក្យស្លោកថា “ទីណាមានទុក្ខលំបាក ទីនោះមានមុខថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា” ។

កម្មវិធីមនុស្សធម៌ចែកគ្រាប់ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគនេះ មិនមែនមានតែក្នុងខេត្តបន្ទាយមានជ័យ ទេ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ លោកបាននិងកំពុងយកចិត្តទុកដាក់ចុះចែកអំណោយជួយសម្រាលដល់ទុក្ខ លំបាករបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព ក៏ដូចជា ចុះចែកគ្រាប់ពូជស្រូវ និងពូជបន្លែទៅតាមផែនការ របស់រាជរដ្ឋាភិបាល ជាពិសេសនៅតាមបណ្តា រាជធានី-ខេត្តទាំង ១៩ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០ នេះ។

ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានធ្វើការអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៣ ០០០គ្រួសារ សូមបន្តបង្កើន ៖ ១. បង្កើនការដាំដុះដំណាំហូបផ្លែ បន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ កាត់បន្ថយការចំណាយ កាត់បន្ថយការនាំចូលផលិតផលដែលមានជាតិគីមីពីបរទេស ។ ២. រដូវត្រជាក់ឈានចូលមកដល់ ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ៖ ជំងឺរាកមួល ពុល ជំងឺរលាក ផ្លូវដង្ហើម និងជំងឺដទៃផ្សេងទៀត ត្រូវទទួលទានអាហារចំណី និងទឹកស្អាតជាប្រចាំ។ ៣. បន្តយកចិត្តទុកដាក់ចូលរួមការពារ ទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។  ៤. បញ្ឈប់រាល់សកម្មភាពឆ្លងដែន ជាបណ្តោះអាសន្ននៅក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀសនូវ គ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាការចាប់ខ្លួនពីសំណាក់អាជ្ញាធរ សមត្ថកិច្ចថៃ។ ៥. ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព ខ្វះខាតពូជស្រូវ និងពូជដំណាំ រួមផ្សំផ្សេងៗ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរកសិកម្ម ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធ អាចមានវិធានការជួយធ្វើអន្តរាគមន៍ចែកពូជស្រូវ និងគ្រាប់ពូជដំណាំ បានទាន់ពេលវេលា។ ៦. បង្កើន និងបន្តការផ្សព្វផ្សាយដល់កូនចៅ សាច់ញាតិ ឲ្យគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់ ដោយយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង