ពលរដ្ឋនាំគ្នារិះគន់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលចុះវាយកម្ទេចរបងផ្ទះដោយអយុត្តិធម៌

(ភ្នំពេញ) ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមជាមួយ ចៅសង្កាត់ត្រពាំងក្រសាំង និងកម្លាំងប្រជាការពារខណ្ឌ/សង្កាត់ជាច្រើននាក់ រួមជាមួយគ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង បានមក កាយកម្ទេចរបងផ្ទះ របស់ លោក ស៊ឹម ភូន ចៅសង្កាត់រងទី១សង្កាត់ត្រពាំងក្រសាំង ដើម្បីពង្រីកផ្លូវ និងដាក់លូរំដោះទឹក។ ចំពោះករណីនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​។ 

កូនប្រុសលោក ស៊ឹម ភូន បានឲ្យដឹងថា ការចុះកាយកម្ទេសរបងផ្ទះរបស់គាត់ គឺ អយុត្តិធម៌ណាស់ ព្រោះថា គ្មានការប្រាប់ដំណឹងនិងឯកភាពគ្នាជាមុន ហើយផ្ទះគាត់មានទីតាំងស្ថិតនៅចំកណ្តាលផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ម៉េចក៏មកកាយកម្ទេចមុនគេចឹង បើធ្វើលូនិងធ្វើថ្នល់ គួរតែធ្វើដើមផ្លូវ និងឲ្យស្នើភាពគ្នា មិនមែនផ្ទះអ្នកធំ ដាក់លូក្រៅរបងផ្ទះ ឯផ្ទះអ្នកតូចវាយកម្ទេចរបងចោលសិនទើបកាយដាក់លូបែបនេះទេ។ លោកថា ការចុះរុះរើកម្ទេចរបងផ្ទះចោលនេះ ហាក់មានការគៀបសង្កត់ និងមានគំនុំអ្វីម្យ៉ាង ជាមួយគ្រួសារគាត់។

កូនប្រុសលោក ស៊ឹម ភូន បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ មានមន្ត្រីសាលាខណ្ឌ០២រូបបានចុះស្រង់ការតវ៉ារបស់ពលរដ្ឋ ពេលនោះក្រុមគ្រួសារលោកតវ៉ាថា បើរដ្ឋតំរូវឲ្យកាត់របងផ្ទះទាំងអស់គ្នាដើម្បីពង្រីកផ្លូវដាក់លូ ខ្ញុំក៏ឯកភាពកាត់ដែរ គឺសុំឲ្យស្មើភាពគ្នា ហើយបើគេដាក់លូក្រៅរបងផ្ទះ ខ្ញុំសុំដាក់ក្រៅរបងផ្ទះដែរ បើគេដាក់លូក្នុងរបងខ្ញុំសុំដាក់ក្នុងដែរ។ បន្ទាប់មកមន្ត្រីទាំងពីរនាក់នោះ បានសរសេរតាមការស្នើសុំ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបមានការចុះរុះរើកម្ទេចតែផ្ទះគាត់មុនគេបែបនេះ។

ឆ្លើយតបការលើកឡើងខាងលើ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយសារតំបន់នោះមានទឹកជន់លិចខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋសំណូមពរ២ដងក្នុងវេទិកាសាធារណៈ តាមគម្រោងរបស់សាលាខណ្ឌពោធិ៍សែនជ័យ និងដោយមានការឯកភាពពីប្រជាពលរដ្ឋភាគច្រើន ដូច្នេះ រដ្ឋបាលខណ្ឌសម្រេចរៀបចំប្រព័ន្ធលូរំដោះទឹកជូនប្រជាពលរដ្ឋ។ សព្វថ្ងៃ ការដាក់លូបានមកដល់ក្រោយផ្ទះ លោក ស៊ឹម ភូន ប៉ុន្តែលូមិនអាចដាក់បន្តទៅមុខទៀតបាន ទើបគណៈបញ្ជាការឯកភាពខណ្ឌសម្រេចឲ្យលោកដឹកនាំកម្លាំងចុះវាយរបងផ្ទះគាត់នោះពង្រីកផ្លូវនិងដាក់លូ។ ម្យ៉ាងទៀតកូនៗខ្លះរបស់គាត់បានផ្តិតមេដៃឯកភាពឲ្យរុះរើផងដែរ។

លោកអភិបាលរង បញ្ជាក់បន្ថែមថា រដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងដោយទុកពេលឲ្យ៧ថ្ងៃឲ្យរុះរើ និងបានចាត់ក្រុមការងារដែនដីចុះវាស់វែងបាញ់គំនូសរបងដែលប៉ះពាល់តាមអិលម៉ាបរួចហើយ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា គឺរុះទាំងអស់ គ្រប់ផ្ទះដែលសង់រំលោភចំណីផ្លូវ ព្រោះលូនៅទើត្រឹមណឹង បានយើងអោយម្តុំណឹងត្រូវរុះរើទៅតាមសេចក្តីជូនដំណឹង៕

អត្ថបទដែលជាប់ទាក់ទង