នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទាមទារ ការសុំទោសជាផ្លូវការណ៍មួយពីប្រទេសចិន

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទាមទារ ការសុំទោសជាផ្លូវការណ៍មួយពីប្រទេសចិន បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន បានអំពាវនរកយុត្តិធម៌ ពីអូស្ត្រាលី ដោយអះអាងថា ទាហានអូស្ត្រាលី បានសម្លាប់ពលរដ្ឋ និងអ្នកទោសអាហ្គានីស្ថាន ដោយប្រើវិធីយ៉ាងព្រៃផ្សៃដោយយកកាំបិតអាករក្មេង ដែលចិនចាត់ទុកថានេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

លោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅលើបណ្តាញសង្គម ធ្វីតទ័រនៅថ្ងៃច័ន្ទនេះ ដោយភ្ជាប់រូបភាពមួយសន្លឹក បង្ហាញសកម្មភាពទាហានអូស្ត្រាលីកាន់កាំបិតបម្រុងសម្លាប់ក្មេង។ លោកចាវ លីចៀន ថ្កោលទោសទង្វើបែបនេះ និងអំពាវនាវឱ្យមានការទទួលខុសត្រូវ។

ឆ្លើយតបភ្លាមៗ នៅក្នុងសន្និសីទបន្ទាន់មួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានស្តីបន្ទោសទីក្រុងប៉េកាំង ចំពោះការផ្សាយហួសហេតុ មិនអាចទទួល យកបាន និងទាមទារការសុំទោសជាផ្លូវការណ៍ពីរដ្ឋាភិបាលចិន។ លោកបញ្ជាក់ថា ” វាគឺជារូបភាពក្លែងក្លាយ ហើយជាការប្រមាថដល់កងទ័ពការពារជាតិអូស្ត្រាលី ដែលពាក់ឯកសណ្ឋាននេះ ជាង ១០០ ឆ្នាំមកហើយ។

ភាពតានតឹង នៃទំនាក់ទំនងរវាង ប្រទេសអូស្ត្រាលី និងប្រទេសចិន បានកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០១៨ គ្រាដែលប្រទេសអូស្ត្រាលី មុនគេ បានហាមឃាត់ ការនាំចូលប្រព័ន្ធ 5-G របស់ក្រុមហ៊ុនចិន Howai ហើយទំនាក់ទំនងនេះ កាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលអូស្ត្រាលី បានបង្កើតគណៈកម្មការស៊ើបអង្កេតមួយជុំវិញប្រភពដើមនៃវិរុសកូវីដ-១៩។ ជាកាសងសឹក ចិនបានសម្រេចដំឡើងពន្ធលើស្រូវសាលី និងបន្ថយការនាំចូលសាច់គោ និងធ្យូងថ្មពីប្រទេសអូស្ត្រាលី ព្រមទាំងទំនិញសំខាន់ៗជាច្រើនមុខទៀត៕

រូបលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន

អត្ថបទដែលជាប់ទាក់ទង