ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៤នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៤នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា និងមិនមានអ្នកជាសះស្បើយនោះទេ។
សូមបញ្ជាក់ផងដែរថាករណីឆ្លងថ្មីខាងលើគឺជា៖ ១.បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២.ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
៣. កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។
និង៤. បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះបាល់ជាមួយអ្នកជំងឺដែលបានចូលទៅហាងនោះ។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
គូបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ២៣នាក់ហើយ។
រហូតមកដល់ពេលនេះ ក្រសួង បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៣៥ករណី ក្នុងនោះអ្នកជំងឺ៣០៤ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌ មានភ្ជាប់ជូនខាងក្រោមនេះ ៖