ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសផ្តល់នូវសម្ភារៈឧបត្ថម្ភបន្ថែមដល់សាខាស.ស.យ.ក នៅ ២៥រាជធានីខេត្តទូទាំងប្រទេស
(ភ្នំពេញ) ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដែលក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានបានប្រកាសផ្តល់នូវសម្ភារៈឧបត្ថម្ភបន្ថែមដល់សាខាស.ស.យ.ក នៅ ២៥រាជធានីខេត្តទូទាំងប្រទេស។ សម្ភារៈទាំងនោះ រួមមាន ម៉ាស ៥០ម៉ឺនម៉ាស សាប៊ូលាងដៃ ១០៨០០ ដុំ និងបដាអប់រំផ្សព្វផ្សាយ ចំនួន ៣០០០ បដា ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានប្រកាសជំរុញ និងលើកទឹកចិត្តសមាជិកសមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ឲ្យបន្តការអនុវត្តយុទ្ធនាបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងផ្សារ ជាដើម ដើម្បីធ្វើយ៉ាងណា ឲ្យវិសាលភាពនៃការផ្សព្វផ្សាយនេះ បានជ្រួតជ្រាបទៅដល់មូលដ្ឋាននានា ទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួររម្លឹកថា ក្នុងស្មារតីនៃការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានឧបត្ថម្ភជាសម្ភារៈចាំបាច់ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ចំនួនពីរដំណាក់កាល ដែលសម្ភារៈសរុប រួមមាន ម៉ាសចំនួន ១២ ០៤០ ម៉ាស សម្លៀកបំពាក់វេជ្ជសាស្ត្រការពារ ចំនួន ៣៥០០ កំប្លេ មួកវេជ្ជសាស្ត្រការពារ ចំនួន ២០០០ កំប្លេ និងជែលលាងដៃ ចំនួន ១២៥០ ដប។
ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្បុជា ក៏បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា ដើម្បីចុះផ្សព្វផ្សាយ អប់រំ និងបែងចែកសម្ភារៈជូនបណ្តាអង្គភាព និងរដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរសុខាភិបាល ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ផងដែរ៕