សមត្ថកិច្ចឃាត់ខ្លួនបុគ្គលម្នាក់ដែលបំផ្លើសព័ត៌មានប្រឌិត និងចោទថាប្រជាពលរដ្ឋស្រុករមាសហែក ឆ្លងកូវីដ-១៩

(ស្វាយរៀង)៖ ក្រោយពីមានការបង្ហោះព័ត៌មានប្រឌិតតាមរយៈ Account facebook ឈ្មោះ Sokha (លន់ នល់) ដោយចោទថាប្រជាពលរដ្ឋស្រុករមាសហែក ឆ្លងកូវីដ-១៩នោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងនៅរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២០នេះថា សមត្ថកិច្ចបានរកឃើញបុគ្គលម្នាក់ដែលបង្ខូចកិត្តិយសអាជ្ញាធរក៏ដូចជារដ្ឋបាលស្រុករមាសហែកជុំវិញការបំផ្លើសព័ត៌មានប្រឌិតដោយចោទថាប្រជាពលរដ្ឋស្រុករមាសហែក ឆ្លងកូវីដ-១៩ និងបានអប់រំធ្វើកិច្ចសន្យាទទួលកំហុសនៅថ្ងៃដដែលនេះផងដែរ។

ខាងក្រោមនេះជាការសារភាពរបស់បុគ្គលរូបនេះ ដោយមានខ្លឹមសារដូចតទៅ ខ្ញុំបាទឈ្មោះ សូវ សុខា អាយុ ១៩ឆ្នាំ មានទីលំនៅនៅភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង
ដែលមាន Account facebook ឈ្មោះ Sokha (លន់ នល់) ។

សូមគោរព និងសូមអភ័យទោសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នូវកំហុសឆ្គងរបស់ខ្ញុំបាទដែលបានសរសេរបង្ហោះសារ នូវពាក្យអសុរោះមួយចំនួន នៅការបង្ហោះសាររបស់ផេក យុវជនប្រតិកម្មរហ័សខេត្តស្វាយរៀង និងការបំភ្លឺរបស់រដ្ឋបាលស្រុករមាសហែក ជុំវិញករណីថាមានអ្នកឆ្លងកូវីដ-១៩ នៅស្រុករមាសហែក។ ដោយរូបខ្ញុំបាទមានការយល់ដឹងនៅមានកំរិត ដោយមិនបានគិតពិចារណាច្បាស់លាស់ក៏ប្រព្រឹត្តនូវកំហុសឆ្គងដូចខាងលើ (មានរូបភាពជាមួយស្រាប់)។ ចាប់ពីពេលនេះតទៅខ្ញុំបាទ សូមសន្យាថានឹងឈប់ប្រព្រឹត្តនឹងឈប់សរសេរសារនៅព័ត៌មានណាដែលមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងសន្តិសុខជាតិទៀតហើយ។ រាល់ករណីជំងឺកូវីដ-១៩ សូមស្តាប់តាមការណែនាំ ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មុននឹងបញ្ចេញមតិលើបណ្តាញសង្គម៕

អត្ថបទដែលជាប់ទាក់ទង