សម្តេច​តេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ទាំងអស់ មានការស្មោះត្រង់ ឆ្លើយឱ្យត្រង់ៗ

(ភ្នំពេញ)៖ នាល្ងាងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ទាំងអស់ មានការស្មោះត្រង់ ឆ្លើយឱ្យត្រង់ៗ។

សម្តេចបានបន្ថែមថា ពេលវេលានេះ គឺជាពេលវេលាដែលចាំបាច់បំផុត ដែលត្រូវតែធ្វើការបំភ្លឺឱ្យបានច្បាស់លាស់ គឺមិនអាចប្រើតាមវិធីចង់ឆ្លើយក៏ឆ្លើយ មិនចង់ឆ្លើយក៏ហី មិនអាចធ្វើយ៉ាងដូច្នោះទេ វាជាមហន្តរាយសម្រាប់សុខភាពសាធារណៈ។ ដូច្នេះត្រូវផ្ដល់ចម្លើយឱ្យបានជាក់លាក់ ច្បាស់លាស់ «តើពេលកន្លងទៅនេះបានជួបជាមួយអ្នកណាខ្លះ បានធ្វើអ្វីខ្លះ ហើយបានទៅទីណាខ្លះ» ព្រោះបញ្ហានេះជាពន្លឺសំខាន់ សម្រាប់ការរុករក ផ្ដាច់ឬសគល់ នៃការឆ្លងចូលសហគមន៍។

ជាមួយគ្នានោះ សម្ដេចតេជោ ក៏ស្នើឱ្យកងនគរបាលជាតិ ត្រូវគ្រប់គ្រងឱ្យបាន ការធ្វើចត្តាឡីស័ករបស់ជនស៊ីវិល អាជ្ញាធរមូលដ្ឋាន ហើយត្រូវផ្គត់ផ្គង់ឱ្យពួកគាត់ចំពោះគ្រួសារក្រីក្រ ដែលខ្វះលទ្ធភាព ពិសេសយកចិត្តទុកដាក់ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យពួកគាត់ទទួលបាននូវម្ហូបអាហារ។

សម្តេចក៏បាន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ពិនិត្យមើល កុំមានការប្រមូលផ្ដុំកងទ័ព ហើយបើមានការបញ្ហាណាមួយនោះ កងទ័ពត្រូវដោះស្រាយខ្លួនឯង។
សម្តេចបានមានប្រសាសន៍ថា៖ « ខ្ញុំដឹងថាអគ្គមេបញ្ជាការបានដឹកនាំការប្រជុំរៀបចំផែនការនេះរួចជាស្រេច។ ដូច្នេះសុំឱ្យទាំងអស់គ្នាយកចិត្តទុកដាក់ ទាំងជនស៊ីវិល ប្រជាពលរដ្ឋព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ ជារួមមនុស្សទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងជាមួយនឹងការឆ្លងរីករាលដាលនៅក្នុងប្រទេសរបស់យើង ដែលខ្ញុំសង្ឃឹមថាយើងនឹងជម្នះបានឧបសគ្គនេះ ហើយយើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហានេះឱ្យបានគ្រប់ជ្រុងជ្រោយ »។

សម្ដេចតេជោបានបញ្ជាក់ថា « ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានេះ តាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេស ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ លទ្ធភាពជាច្រើន គឺអាចចេញមកពី ស្ថានភាពនៃចត្តាឡីស័ក មិនគ្រប់គ្រាន់សម្រាប់ ជនបរទេសមួយចំនួន ហើយដែលអាចមានទំនាក់ទំនងជាមួយនឹង លោកឆែម សាវុធ និងក្រុមគ្រួសារលោកឆែម សាវុធ ដែលនេះកំពុងតែ ធ្វើការផ្ទៀងផ្ទាត់ » ៕

អត្ថបទដែលជាប់ទាក់ទង