មនុស្ស ២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ គ្រាដែលគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូ

(កំពង់ឆ្នាំង)៖ មនុស្ស ២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ គ្រាដែលគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចនេះបានកើតឡើងនៅ រសៀលថ្ងៃទី ៦ ខែធ្នូឆ្នាំ 2020 លើកំណាត់ ផ្លូវ ជាតិលេខ 53 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០និង២១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស គ្រាដែលរថយន្ត highlander ព្យាយាមឡើងវ៉ារថយន្តមួយគ្រឿងទៀតរេចង្កូតជ្រុលទៅបុកនិងម៉ូតូជនរងគ្រោះ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលដែលដល់កន្លែងកើតហេតុបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Hilander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B-5193 បើកបុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-0051 បណ្តាលឱ្យបុរសពីរនាក់ស្លាប់ភ្លាមៗនៅកន្លែង ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចអោយដឹងថាមានឈ្មោះ ផ្លុង វិត ភេទប្រុស អាយុ ៤១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ហន ហួយ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់អោយដឹងទៀតថា មានរថយន្តទាំង០២ គ្រឿង បើកបរក្នុងដំណើរស្របទិសគ្នា បើកចេញពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុច កើតហេតុ មានរថយន្ត ហាយឡែនដឺ បានឡើងវ៉ាជែងរថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុកម៉ូតូនោះតែម្តង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បានបន្សល់ទុករថយន្ត ០១គ្រឿងនៅកន្កែងកើតហេតុ ។

ចំពោះវត្ថុតាងទាំង ០២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយឡែកសពបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនបង្ករង់ចាំជំនាញសហការជាមួយប៉ុស្តិ៍ស្រាវជាវរកអ្នកបើកបររថយន្តយកមកអនុវត្តបន្តតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង