ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន២នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន២នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

គួរបញ្ជាក់ផងដែរថា ករណីឆ្លងថ្មីខាងលើរួមមាន៖ បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមក្រសួងសុខាភិបាល លទ្ធផលធ្វើតេស្តលើកទី២ របសបុរសខាងលើ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន៥០នាក់ ដែលក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរនោះ មានបុរសចំនួន២នាក់ បានធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់ពួកគាត់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលវិជ្ជមាន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ រីឯអ្នកដំណើរចំនួន ៤៧នាក់ ដែលអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ៣៥នាក់ និងនៅសណ្ឋាគារមួយចំនួន ១២នាក់។

ចំណែកករណីវិជ្ជមានម្នាក់ទៀតនោះ គឺជាបុរសជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង។ លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ៤៩នាក់៕

អត្ថបទដែលជាប់ទាក់ទង