ពលរដ្ឋ២នាក់ ក្នុងនោះម្នាក់ជាមេភូមិត្រូវបានមនុស្ស៤នាក់ព្រួតវាយឱ្យរបួសនិងវាយបំផ្លាញទ្រព្យសម្បត្តិ

(កណ្តាល) ៖ ពលរដ្ឋ២នាក់ ក្នុងនោះម្នាក់ជាមេភូមិត្រូវបានមនុស្ស៤នាក់ព្រួតវាយឱ្យរបួសនិងវាយបំផ្លាញទ្រព្យសម្បត្តិ ដោយសារតែទំនាស់រឿងចតឡាននៅមុខផ្ទះ ដែលអំពើហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនាខាងលើកើតឡើងនាថ្ងៃទី១១ធ្នូឆ្នាំ២០២០ វេលាម៉ោង៨យប់ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះសំ សែន ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលហើយប៉ូលិសឃាត់ជនសង្ស័យ៣នាក់,រត់រួចម្នាក់ នាថ្ងៃទី១៣ធ្នូ២០២០។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះសំ សែន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរលក់ដូរ ខូចខាតសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួននិង២-ឈ្មោះរី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរជា«មេភូមិតាក្តុលត្បូង» រងរបួសស្នាមបែកចុងចិញ្ចើមខាងស្តាំនិងរយះកដៃខាងឆ្វេង។

ចំណែកជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះឆិល ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំទីលំនៅ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន),២-ឈ្មោះឆិល មករា ភេទប្រុស អាយុ៣៥ឆ្នាំទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន),៣-ឈ្មោះសំ ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរបេីកបររថយន្ត(ឃាត់ខ្លួន)និង៤-ឈ្មោះឆិល ចាន់ថុល ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ នៅផ្ទះ(គេចខ្លួន)។

វត្ថុតាងចាប់យក ដុំថ្មចំនួន៦ដុំ ,កាំបិតប៉័ងតោដងជ័រចំនួន១ប្រវែង៣០សង់ទីម៉ែត្រ,អំបែងចានមួយចំនួននិងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះឈ្មោះសំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន។ លុះដល់វេលាកើតហេតុខាងលើស្រាប់តែជនសង្ស័យឈ្មោះឆិល ចាន់ធឿនបាន បើកថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នា មកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួចព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ ។

ភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសារ៉េសម្រួល ស្រាប់តែជនសង្ស័យឈ្មោះឆិល ចាន់ធឿនបាននិយាយថា «ចតឡានពេញផ្លូវ»។ ពេលនោះជនរងគ្រោះប្រាប់ថា«សុំចតតែពីរថ្ងៃទេដោយសម័យកូវីដមិនហ៊ានទុកឡាននៅការ៉ាស់ទេ»។ ហើយក៏មានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមក។

ពេលនោះជនរងគ្រោះឈ្មោះរី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នាក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថា«មិនមែនរឿងរបស់អ្ហែងទេកុំមកចេះ»។ ដោយខ្លានមានរឿង ជនរងគ្រោះឈ្មោះសំ សែន បានដឹកដៃជនរងគ្រោះឈ្មោះរី សារ៉េតឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួន។ ស្រាប់តែក្រុមជនសង្ស័យខាងលើបាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំថ្មគប់បណ្តាលឱ្យជនរងគ្រោះឈ្មោះរី សារ៉េតរងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងប៉ូលិសប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ូលិសជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលេីនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញករណីខាងលើនេះជនរងគ្រោះឈ្មោះរី សារ៉េត ជាមេភូមិតាក្តុលត្បូង បានបញ្ជាក់ថា«លោកមិនសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះទេ គឺត្រូវបញ្ជូនទៅដោះស្រាយនៅតុលាការ»៕

អត្ថបទដែលជាប់ទាក់ទង