សម្តេច​តេជោ​ ហ៊ុន​ សែ​ន​ បាន​ប្រកាស​ថា «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា» ដែល​ជា​ករណី​នៃ​ការ​ចម្លង​ចូល​សហគមន៍​ដំបូង​នៅ​កម្ពុជា​ ​គ្រប់គ្រង​បាន​ហើយ តែ​មិន​ទាន់​បញ្ចប់​នោះ​ទេ

(​ភ្នំពេញ)៖ ថ្លែងនៅក្នុងនា​ឱកាស​​ផ្ញើសារជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​​១៩ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែធ្នូ​ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ប្រកាស​ថា «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា» ដែល​ជា​ករណី​នៃ​ការ​ចម្លង​ចូល​សហគមន៍​ដំបូង​នៅ​កម្ពុជា​ ​គ្រប់គ្រង​បាន​ហើយ តែ​មិន​ទាន់​បញ្ចប់​នោះ​ទេ ព្រោះ​ការ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នៅ​បន្ត​ដំណើរការ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន ។

ជាមួយគ្នានោះ សម្តេច​តេ​ជោ បានបន្តថា​ «ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា» គឺជា​ព្រឹត្តិការណ៍​​ដែល​ខុស​គ្នា​ពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ព្រោះ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ​ជា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់​កម្ពុជា​ដែល​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ១៥ ខែធ្នូ គឺ​រក​ឃើញ​អ្នក​ឆ្លង​សរុប​ដល់ ៤១ នាក់ នៃ​ករណី​វិជ្ជមាន​កូ​វី​ដ​សរុប​ទូ​ទាំង​ប្រទេស​ចំនួន ៣៦២ ករណី ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៦២ករណី ក្នុងនោះអ្នកជំងឺ៣១២ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ និង មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង ​និង​ហ​ង់​សិន រាជធានីភ្នំពេញ។

តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៤១នាក់ហើយ៕

អត្ថបទដែលជាប់ទាក់ទង