ម្ចាស់គ្រប់គ្រង (អប្សរាផ្សារលើ) រងការរិះគន់ពីប្រជាពលរដ្ឋថា បានយកបារ៉ាស់បិទផ្លូវសាធារណ:ហាមមិនឱ្យរថយន្តតូចធំឆ្លងកាត់ និងមិនអោយលក់ដូរ

(បាត់ដំបង)៖ ម្ចាស់គ្រប់គ្រង (អប្សរាផ្សារលើ) រងការរិះគន់ពីប្រជាពលរដ្ឋថា បានយកបារ៉ាស់បិទផ្លូវសាធារណ:ហាមមិនឱ្យរថយន្តតូចធំឆ្លងកាត់ និងមិនអោយលក់ដូរ បែរជាយកម៉ូតូមកដាក់ផ្ញើនៅទីនោះទៅវិញ។

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏ដូចជាអាជីវករដែលជាអ្នកលក់ដូរត្រី សាច់ នៅលើចិញ្ចើមផ្លូវរ៉បច្រាំងស្ទឹងសង្កែ ចំណុច (អប្សរាផ្សារលើ) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានលើកឡើងអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា ពួកគាត់មានការមិនពេញចិត្តចំពោះទង្វើម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ) ដែលបានដាក់បារ៉ាស់បិទផ្លូវមិនអោយរថយន្តគ្រប់ប្រភេទចរាចរណ៍ឆ្លងកាត់ និងដេញមិនអោយមានការលក់ដូរនៅទីនោះ ដើម្បីការពារ ការបាក់ផ្លូវច្រាំងស្ទឹងបន្ថែម បែជាយកម៉ូតូមកដាក់ផ្ញើរគេងយកផលប្រយោជន៍បុគ្គលទៅវិញ ធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរដោយវាងផ្លូវនិងរាំងស្ទះដល់ការងារប្រកបរបររកស៊ីរបស់ពួកគាត់ផងដែរ។

ជាមួយគ្នានេះពួកគាត់ជាអាជីវករមានការមិនពេញចិត្តដោយខាងផ្សារមកដេញពួកគាត់រាល់ថ្ងៃមិនអោយលក់ បែជាយកម៉ូតូមកដាក់ផ្ញើរពីមុខវិញ ដូច្នេះពួកគាត់សុំសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត ជួយដោះស្រាយអោយពួកគាត់បានលក់ដូរនៅទីនេះផង ហើយបើសិនជាខាងអាជ្ញាធរចុះរៀបចំធ្វើពេលណាពួកគាត់និងចាកចេញភ្លាម។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើនេះដែរ លោក សេង សិរីរតន: ជាអ្នកគ្រប់គ្រង(អប្សរាផ្សារលើ) បានអោយអ្នកយកព័ត៌មានយើងដឹងដែរថា លោកធ្វើនេះមិនធ្វើដោយចិត្តឯងទេ គឺធ្វើទៅតាមចំណារបស់អភិបាលខេត្ត ដោយសារខ្លាចប៉ះពាល់បាក់ច្រាំងស្ទឹង ដូច្នេះទើបគាត់សុំធ្វើម៉ិចផ្អាកការលក់ដូរនៅទីនេះ លុះត្រាតែជួសជុលជ្រាំងស្ទឹងហើយទើបគិតតាមហ្នឹងទៀត ។ ហើយចំពោះការដាក់ផាស៊ីផ្ញើរម៉ូតូលើផ្លូវ លោកថាបើខាងលោកមិនយកម៉ូតូមកដាក់ផ្ញើរទេ ពួកគាត់នឹងមកលក់ដូរនៅទីនោះទៀត។

ដោយឡែកលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការដាក់បារ៉ាស់បិទផ្លូវហាមមិនអោយរថយន្តគ្រប់ប្រភេទឆ្លងកាត់ ដោយយកម៉ូតូមកដាក់ផ្ញើរជំនួសនោះ លោកបានឆ្លើយតបតាមរយៈទូរស័ព្ទដែរថា ពេលនេះលោកកំពុងជាប់ប្រជុំ ហើយនៅពេលប្រជុំចប់លោកនឹងចុះទៅពិនិត្យមើល ដូច្នេះសូមអោយពលរដ្ឋនៅស្ងៀមសិនទៅ ព្រោះខ្លាចក្រែងធ្លាក់ទៅវាគ្រោះថ្នាក់ដល់អាយុជីវិតគាត់ទេ ហើយគាត់មិនត្រូវធ្វើអ្វីតាមតែចិត្តគាត់ទេ ពេលប្រជុំចប់លោកនឹងចុះទៅចាត់ចែងរឿងហ្នឹងហើយ។

គួរបញ្ជាក់ថា យោងតាមលិខិតរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ជម្រាបមកលោកអគ្គនាយកក្រុមហ៊ុន តារ៉ា អុីមផត ខូ.អិលធីឌី(អប្សារាផ្សារលើ) កម្មវត្ថុ ករណីស្នើសុំជួសជុលការបាក់ច្រាំងស្ទឹងនៅខាងកើតផ្សារលើស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់បង យោងលិខិតលេខ ៦៥៦សក.បប ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបមកលោកអគ្គនាយកក្រុមហ៊ុនតារ៉ា អុីមផត ខូ.អិលធីឌី(អប្សារាផ្សារលើ)ជ្រាបថា ករណីការបាក់ច្រាំងស្ទឹងនៅខាងកើតផ្សារលើស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្តសម្រេចផ្អាកការធ្វើចរាចរណ៍ សម្រាប់ឡានធំនិងការលក់ដូរនៅទីនោះជាបណ្ដោះអាសន្នដើម្បីការពារការបាក់ច្រាំងស្ទឹងបន្ថែម ព្រមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកនិងអាជីវករលក់ដូរនៅទីនោះដែលអាចកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង