ករណីបាញ់សម្លាប់គ្នាមួយ បានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅខេត្តកណ្តាល

(កណ្ដាល)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧ និង១០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីបាញ់សម្លាប់គ្នាមួយ បានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។

បើតាមលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម។

ចំណែកជនសង្ស័យត្រូវជាប្អូនបង្កើត ឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្នុងនោះវត្ថុតាងចាប់យកបានមាន អាវុធខ្លី១ដើមម៉ាក Lock 98 លេខ ៖ 00080409236 បង់១ គ្រាប់ចំនួន ១០ ជារបស់ជនសង្ស័យ ដែលមានប្រភព មិនច្បាស់។

ស្នងការរងបានឲ្យដឹងទៀតថា  មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់ គ្រឿងញៀន ហើយតែងតែ ឈ្លោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនទៀត ពេលនោះ ជនរងគ្រោះ បានចូលទៅជួយសម្រប សម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេចង់បំបែកបាក់ ប្តីប្រពន្ធ គេ ។

លុះមកដល់វេលាម៉ោង០៤ទៀបភ្លឺ នាថ្ងៃកើតហេតុខាងលើជនសង្ស័យ បានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើង មកជួបនៅផ្ទះរបស់ខ្លួន នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។

ពេលនោះជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវ ជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសយ៉ាងធ្ងន់ ហើយ ជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន ជនសង្ស័យបានគេចរួច ឡើងជិះម៉ូតូ scoopy ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 9941 ជិះឡើងមក តាខ្មៅ គេចខ្លួនសំដៅ មក ភ្នំពេញ ។

ទាក់ទិននឹងករណីនេះករណីនេះសមត្ថកិច្ច ខេត្ត និង ក្រុងតាខ្មៅកំពុងស្វែងរក ជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង