ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានខឹងសម្បារយ៉ាងខ្លាំង និងនាំគ្នារិះគន់ថា ក្រុមហ៊ុនបុរីរបស់អ្នកមានអំណាចមួយ កំពុងតែយកផ្លូវសាធារណៈ ទៅធ្វើជាកម្មសិទ្ធិផ្តាច់មុខ និងព័ទ្ធបង្គោលរបង

ព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពីឃុំអូរបាក់រទេះ ស្រុកកំពង់សិលា បានខឹងសម្បារយ៉ាងខ្លាំង និងនាំគ្នារិះគន់ថា ក្រុមហ៊ុនបុរីរបស់អ្នកមានអំណាចមួយ ឈ្មោះសួនឧស្សាហកម្មកំពង់សីលា កំពុងតែយកផ្លូវសាធារណៈរបស់រដ្ឋ ដែលពួកគាត់ធ្លាប់ប្រើប្រាស់ ទៅធ្វើជាកម្មសិទ្ធិផ្តាច់មុខ និងព័ទ្ធបង្គោលរបង មិនឲ្យពលរដ្ឋអាចចេញចូលបានឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋ រងទុក្ខលំបាក បាត់បង់ផ្លូវ ដែលជាស្នូលសេដ្ឋកិច្ចគ្រួសារ។

យោងតាមក្រុមប្រជាពលរដ្ឋ ដែលមកចូលរួមតវ៉ានៅទីតាំងកន្លែងបិទផ្លូវ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា​ ផ្លូវដែលក្រុមហ៊ុនសួនឧស្សាហកម្មកំពង់សីលា បានធ្វើរបងបិទនេះ គឺជាផ្លូវសាធារណៈរបស់រដ្ឋ ដែលមានប្រជាពលរដ្ឋរាប់រយគ្រួសារ ធ្លាប់បានចេញចូលទៅចម្ការ ដឹកកសិផល និងទៅប្រកបរបរផ្សេងៗ តាំងពីមិនទាន់មានក្រុមហ៊ុនខាងលើមកម្លេះ។ ស្រាប់តែនៅថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនខាងលើបែរជា ធ្វើរបងបិទផ្លូវដែលពួកគាត់ធ្លាប់ប្រើប្រាស់នោះ មិនឲ្យចេញចូលបានឡើយ ធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូល មានការលំបាក មិនអាចបររទេះ រថយន្ត និងយាន្តជំនិះផ្សេងៗទៅកាន់ចម្ការ ឬចេញចូលទៅមន្ទីរពេទ្យ សាលារៀនបានដូចមុនឡើយ។ ធ្វើឲ្យពលរដ្ឋទាំងអស់គ្នាកំពុងជួបបញ្ហាលំបាក ក្នុងជីវភាពគ្រួសារ ខណៈដែលសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់ កំពុងធ្លាក់ស្រាប់ផង។

ក្រុមប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ក្រោយពេលផ្លូវខាងលើត្រូវបានគេបិទបែបនេះ មិនត្រឹមតែធ្វើឲ្យពលរដ្ឋមិនអាចចូលដីចម្ការបានប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពួកគាត់ត្រូវធ្វើដំណើរវាងរាប់គីឡូម៉ែត្រ ចំណាយពេលវេលាច្រើនហួសប្រមាណ ទម្រាំទៅដល់គោលដៅ ដែលជាផ្សារ សាលារៀន ឬមន្ទីរពេទ្យ។ ករណីនេះពលរដ្ឋ បានសំណូមពរឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំជួយពិចារណា និងដោះស្រាយបើកផ្លូវនេះឲ្យពួកគាត់ ឲ្យដូចដើមវិញ ព្រោះថាការធ្វើរបងបិទផ្លូវបែបនេះ ហាក់បីដូចជាផ្តាច់សេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់យ៉ាងដូច្នេះ។

ចំណែកលោក​ ឱ ឆៃហៀង មេភូមិស្ទឹងសំរោង បាននិយាយថា កាលពីឆ្នាំ១៩៩៤ ដីតំបន់ខាងលើនេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគ ដីសម្បាទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនមួយឈ្មោះ យូនីផ្លែន តែក្រុមហ៊ុននេះ មិនបានបិទផ្លូវនេះនោះទេ ដោយសារផ្លូវនេះមានស្រាប់ជាយូមកហើយ ក្រោយមកក្រុមហ៊ុននេះ ក៏បានសាងបន្តឲ្យក្រុមហ៊ុនថ្មីមួយទៀត ហើយក៏ស្រាប់តែកែប្រែពីដីរដ្ឋទៅជាដីឯកជនវិញ រួចក៏មានការបិទផ្លូវជាក់ស្តែងនេះតែម្តង។

ពាក់ព័ន្ធនឹងបញ្ហាដែលជាទុក្ខលំបាករបស់ពលរដ្ឋនេះ លោក ឆាយ ជាងហេង មេឃុំអូរបាក់រទេះ នៃស្រុកកំពង់សីលា បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ករណីទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុនសួនឧស្សាហកម្មកំពង់សីលានេះ លោកបានព្យាយាមស្វែងរកការសម្របសម្រួល ដោះស្រាយចំនួន៣លើករួចមកហើយ ហើយលោកក៏បានរាយការណ៍ជូនស្រុក ខាងស្រុកបានសំណូមពរ ឲ្យក្រុមហ៊ុនបើកផ្លូវឡើងវិញសិន ដើម្បីសម្រួលជាមួយពលរដ្ឋ ក៏ប៉ុន្តែការដោះស្រាយរបស់ថ្នាក់ស្រុក ខាងក្រុមហ៊ុនមិនព្រមធ្វើតាមឡើយ។ លោក ឆាយ ជាងហេង បានបញ្ជាក់ថា ទីតាំងផ្លូវដែលមានទំនាស់នេះ ដើមឡើយគឺជា ដីស្ថិតក្នុងគម្រោងសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ឲ្យក្រុមហ៊ុនឧស្សាហកម្ម តែក្រោយមកមានការផ្ទេរមកឲ្យក្រុមហ៊ុនថ្មី ដែលមានឧកញ្ញា ថៃ ម៉េងលីម ជាម្ចាស់ភាគហ៊ុន ហើយលោកក៏មិនបានដឹងថា ក្រុមហ៊ុនខាងលើអាចកែប្រែពីដីសម្បទានរបស់រដ្ឋ មកឯកជនវិញតាមរបៀបណាដែរ។ លោកមេឃុំដដែល បានបញ្ជាក់ទៀតថា ចំពោះគម្រោងផ្លូវល្បឿនលឿន ក៏បានសង់ជាស្ពានត្រង់ចំណុចផ្លូវនេះផងដែរ ដើម្បីទុកផ្លូវឲ្យពលរដ្ឋឆ្លងកាត់ពីខាងក្រោមស្ពាន លោកថាបើសិនមានការបិទផ្លូវបែបនេះ ទោះខំធ្វើស្ពានក៏គ្មានន័យដែរ ព្រោះពលរដ្ឋឆ្លងកាត់មិនកើត។

ឆ្លើយតបនឹងការសំណូមពររបស់ពលរដ្ឋ លោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា បានប្រាប់ឲ្យសារព័ត៌មានយើងឲ្យដឹងថា ករណីនេះលោកនឹងឲ្យក្រុមការងារជំនាញភូមិបាល ចុះពិនិត្យឡើងវិញម្តងទៀត ថាតើផ្លូវទាំងនោះ ស្ថិតនៅក្នុងដីក្រុមហ៊ុន ឬមួយយ៉ាងណា។

ទាក់ទងនឹងការលើកឡើងរបស់ពលរដ្ឋ ក៏ដូចជាការបញ្ជាក់របស់អាជ្ញាធរបែបនេះ អង្គភាពយើងមិនទាន់អាច សុំការបកស្រាយពីលោកឧកញ្ញា ថៃ ម៉ែងលីម បាននៅឡើយទេ ដោយសារមិនមានប្រព័ន្ធទំនាក់ទំនង។ ក៏ប៉ុន្តែនៅល្ងាច ថ្ងៃទី២៧ ខែកញ្ញានេះ លោក តាំង ធី អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុនសួនឧស្សាហកម្មកំពង់សិលានេះ បានថ្លែងយ៉ាងខ្លីប្រាប់បណ្តាញសារព័ត៌មានថា ខាងក្រុមហ៊ុន ពិតជាបានធ្វើរបងបន្លាលួស បិទផ្លូវនៅចំណុចខាងលើនេះមែន គឺបិទនៅលើដីរបស់ក្រុមហ៊ុន ដែលមានប្លង់ត្រឹមត្រូវ។

សូមបញ្ជាក់ដែរថា ចំពោះក្រុមហ៊ុនដែលដាក់ឈ្មោះថា សួនឧស្សាហកម្មកំពង់សិលានេះ ក៏កំពុងត្រូវបានធ្វើឲ្យពលរដ្ឋ ក៏ដូចជាមហាជន មានការងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលខ្លឹមសារនៃពាក្យថា សួនឧស្សាហកម្ម គេធ្លាប់តែឃើញជាកន្លែង ដាំដុះ ឬដាំដំណាំឧស្សាហកម្មជាដើម ចុះហេតុអ្វីបានជាសួនឧស្សាហកម្មនៅស្រុកកំពង់សិលានេះ បែរជាមានលក់បុរី ឬដីឡូទៅវិញ ហើយម៉្យាងទៀត តើប្លង់កម្មសិទ្ធិអាចចេញបានឲ្យឯកជនដោយរបៀបណា បើសូម្បីតែមេភូមិ មេឃុំ រហូតដល់ថ្នាក់ស្រុកមិនបានដឹងរឿងនេះផងនោះ តើវាមានអាថកំបាំងផ្សេងដែរឬទេ?៕        

អត្ថបទដែលជាប់ទាក់ទង