រន្ធត់ណាស់!គ្រូពេទ្យធ្មេញ បេីកឡានបុកជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ និងថយក្រោយកិនបន្ថែម រហូតដល់ស្លាប់ ត្រូវបញ្ជូនមកដល់តុលាការហើយ

ភ្នំពេញ ៖ គ្រូពេទ្យធ្មេញ ដែលបេីកឡានបុកជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។
តាមព័ត៌មានដែលអង្គភាពសារព័ត៌មាន KIM SRUN NEWS ទទួលបាន គឺជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា ពិតជាព្រៃផ្សៃមែនដែលឡានមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងហើយ ថែមទាំងថយកិនបន្ថែមទៀត រហូតដល់ស្លាប់យ៉ាងអាណោចអធ័ម។ ទោះបីយ៉ាងណា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខ ភ្នំពេញ 2BH-8494។

ចំណែកំជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។
តាមរយៈវីដេអូដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជនបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹងហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
មហាជនបានថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃ របស់ជនបង្ករូបនេះ ហើយសង្ឃឹមថា តុលាការនឹងផ្តន្ទាទោសទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត៕
អត្ថបទដែលជាប់ទាក់ទង