ពេទ្យធ្មេញឈ្មោះ យ៉ាន់ ណាលីណា បើកឡានបុកម៉ូតូ និងថយកិនបន្ថែម រហូតដល់ជនរងគ្រោះស្លាប់ ត្រូវតុលាការចោទប្រកាន់ពីបទ «ឃាតកម្ម» ប្រឈមទោសពី១០ឆ្នាំទៅ១៥ឆ្នាំ

ភ្នំពេញ ​៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក សឿ ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពេទ្យធ្មេញ ឈ្មោះ យ៉ាន់ ណាលីណា ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការបើកឡានបុកម៉ូតូមួយគ្រឿង ហើយថែមទាំងថយកិនបន្ថែមទៀត រហូតដល់ជនរងគ្រោះស្លាប់យ៉ាងអាណោចអធ័ម។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ។

បច្ចុប្បន្ន ជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទ។

បទ «ឃាតកម្ម» ចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺ ជាឃាតកម្ម ។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ឈានដល់ការអំពើឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ ថ្លែងថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។

តាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

មហាជនបានថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃ របស់ជនបង្ករូបនេះ ហើយសង្ឃឹមថា តុលាការនឹងផ្តន្ទាទោសទៅតាមច្បាប់អោយបានធ្ងន់ធ្ងរបំផុត៕

អត្ថបទដែលជាប់ទាក់ទង