ល្បែងឆ្នោតវៀតណាមខុសច្បាប់ជាច្រើនកន្លែង ក្នុងផ្សារកណ្តាល យីហោ M9 កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ពលរដ្ឋស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះបង្រ្កាប

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានទីតាំងកត់ឆ្នោតវៀតណាមជាច្រើន ស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងដោយសេរី គ្មានការខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប។

ប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មាន CSN Daily ថា ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើន នៅក្នុងផ្សារកណ្ដាល បានបើកលេងដោយមិនមានការលាក់លៀមអ្វីនោះឡើយ ដោយពួកគាត់សង្ស័យថា មានបុគ្គលឈ្មោះ ហេង ម៉េង ជាអ្នកមើលការខុសត្រូវ។

បើទោះជាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែល អនុញ្ញាតិ ឱ្យ មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់ គ្រង របស់ខ្លួនក៍ដោយ។                                                                                                                                                                                                    ប៉ុន្តែ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញហាក់គ្មានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១នោះនៅឡើយទេព្រោះតែហេតុអ្វី?

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ មេត្តាជួយពិនិត្យ និងមានវិធានការចុះទៅបង្ក្រាបទីតាំងខាងលើនេះផង។ ដើម្បីកុំឲ្យកើតមានបទល្មើសដូចជា ចោរកម្ម ឃាតកម្ម ឆក់ ប្លន់ ជាដើម។

ជំវិញករណីខាងលើនេះ អង្គភាព CSN Daily បានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ តាមបណ្តាញសង្គម WhatsApp ដើម្បីសុំការពន្យល់ លោកអធិការបានប្រាប់ថា៖ លោកនិងឱ្យមន្ត្រីជំនាញចុះទៅពិនិត្យ។

ដោយឡែក លោក ហេង ម៉េង និងលោកប្រធានផ្សារកណ្ដាល អង្គភាពយើងនៅមិនទាន់សុំការបកស្រាយបាននៅឡើយទេ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ព្រោះគ្មានលេខទូរស័ព្ទ ហើយអង្គភាពយើងនឹងរងចាំការបំភ្លឺ ពីអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ តុង សីហា 

 

អត្ថបទដែលជាប់ទាក់ទង