ទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី៤ទៅ៦ថ្ងៃ ខាងមុខនេះ

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ថា ទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី៤ទៅ៦ថ្ងៃ ខាងមុខនេះ ។

ក្រសួងធនធានទឹក ថ្លែងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ក្នុងនោះ ៖

  • នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ ម៉ែត្រ ។
  • នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ ។
  • នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ ម៉ែត្រ ។
    សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ ។ ក្រសួងធនធានទឹក សូមអោយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និង បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ។

ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និង តំបន់ទំនាប ៕

អត្ថបទដែលជាប់ទាក់ទង