ស៊ីម៉ាក់ អំពាវនាវឱ្យពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បង្កេីនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន ក្នុងដំណាក់កាលជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បង្កេីនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន ក្នុងដំណាក់កាលជំនន់ទឹកភ្លៀង។

លោក ហេង រតនា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះថា «សូមបងប្អូនដែលរស់នៅ និងកំពុងរងទឹកជំនន់ តាមតំបន់ព្រំដែនកម្ពុជា-ថៃ មេត្តាបង្កេីនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះតំបន់រងទឹកជំនន់ទាំងនេះ ក៏ជាតំបន់នៅមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម!»។

ជាមួយគ្នានេះលោក ហេង រតនា ក៏បានណែនាំប្រជាពលរដ្ឋទាក់ទងផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬកំលាំងកងខេមរភូមិន្ទ ឬកំលាំងប៉ូលីស ឬកំលាំងសុីម៉ាក់ ដេីម្បីបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ជូនបងប្អូនធានាសុខ សុវត្ថិភាពប្រជាពលរដ្ឋទាំងមូល ប្រសិនបេីបងប្អូនជួបប្រទះ និងសង្ស័យជា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនោះ ជាថ្មីទៀត៕

 

អត្ថបទដែលជាប់ទាក់ទង