នារីវ័យក្មេងម្នាក់​ មានជំងឺប្រចាំកាយ ដេកស្លាប់នៅក្នុងផ្ទះ សង្ស័យគាំងបេះដូង

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មានជំងឺប្រចាំកាយ បានដេកស្លាប់នៅក្នុងផ្ទះ សង្ស័យគាំងបេះដូង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង០៧ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខ៥២E1 ផ្លូវ១៩ ក្រុម៤១ ភូមិ០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ បុិន ចាន់រ៉ា ហៅអាស្រស់ អាយុ២១ឆ្នាំ មុខរបរ អ្នកបំរើក្នុងផ្ទះ ទីកន្លែងកំណើតភូមិទំនប់ថ្មី ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីឈ្មោះ ចិត្រ រំចង់ដែន ភេទស្រី ជាម្ចាស់ផ្ទះកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានចូលមកធ្វើការនៅផ្ទះនាងខ្ញុំតាំងពីឆ្នាំ២០១៨មកម៉្លេះ ហើយដោយទទួលបានប្រាក់ខែ១៧០ដុល្លារ ក្នុងមួយខែ ដោយជនរងគ្រោះធ្លាប់មានប្រវត្តិមានជម្ងឺស្រឺត (ខ្យោយបេះដូង) ប្រចាំកាយ, កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានមុតជើងចេញឈាម ហើយជនរងគ្រោះក៏បានទន់ជើងដួលសន្លប់ ក្រោយមកម្ចាស់ផ្ទះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា រួចក៏ធូរ និងត្រឡប់មកផ្ទះវិញ។

ទើបនៅព្រឹកម៉ោងកើតហេតុ រូបគាត់(ម្ចាស់ផ្ទះ) បានមកដល់ផ្ទះ ដើម្បីបើកហាងដោយមិនទាន់ឃើញជនរងគ្រោះចុះពីលើបន្ទប់ គាត់ក៏បានឡើងទៅគោះទ្វារបន្ទប់ តែមិនមានលឺសំលេងតប ខ្ញុំក៏រុញទ្វារចូលទៅក្នុង ទើបដឹងថា ជនរងគ្រោះដេកមិនកំរើ ក៏តេហៅរថយន្តសង្គ្រោះ ពេលរថយន្តមកដល់គ្រូពេទ្យពិនិត្យប្រាប់ថា ស្លាប់បាត់ហើយ។

ក្រោយពីកើតហេតុ កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងបានសហការជាមួការិយាល័យបច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសព និងកន្លែងកើតហេតុ។ ជាលទ្ធផលតាមការពិនិត្យ ការិយាល័យជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា សពស្លាប់ដោយគាំងបេះដូង (អាចបណ្ដាលមកពីជំងឺបេះដូង)។

ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានប្រគល់សពឱ្យទៅឈ្មោះ ប៉ូ ប៉ុនឡេង ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាម្ចាស់ផ្ទះកើតហេតុ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង