គួរឲ្យរន្ធត់ចិត្ដខ្លាំងណាស់! ទឹកហូរបុកបាក់ផ្ទះ កួចម្ចាស់យកទៅបាត់

បន្ទាយមានជ័យ៖ ទឹកជំនន់បានជន់ឡើងយ៉ាងខ្លាំង ហួរបុកបាក់ផ្ទះ ហើយកួចយកម្ចាស់ម្នាក់ទៅបាត់ ខណៈកូនតោងដើមឈើជាប់ និងមានគេទៅជួយសង្រ្គោះបានផុតពីគ្រោះថ្នាក់។ ហេតុការណ៍គ្រោះអកុសលដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណាត លន អាយុជាង៥០ឆ្នាំ។ គ្រួសារនេះ ត្រូវបានសមត្ថកិច្ចជម្លៀសចេញ ទៅរកទីទួលសុវត្ថិភាពអស់ហើយ។ លុះមកដល់វេលាវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែតុលា ជនរងគ្រោះ បាននាំកូនម្នាក់ទៅមើលផ្ទះ និងយកអីវ៉ាន់ខ្លះៗ ទៅទុកប្រើប្រាស់ នៅឯទីទួលមានសុវត្ថិភាពនោះ។

សមត្ថកិច្ចបានបន្ដថា ស្របពេលជនមកដល់ផ្ទះ ទឹកជំនន់កាន់តែឡើងខ្លាំង គួបផ្សំនឹងផ្ទះរបស់គាត់នៅជាប់នឹងគល់ស្ពានទៀតផង ទើបធ្វើឲ្យទឹកហូរបុកផ្ទះរបស់គាត់បាក់ ខណៈជនរងគ្រោះទាំង២នាក់ កំពុងនៅលើផ្ទះនោះ។ ស្ថិតក្នុងហេតុការណ៍គ្រោះអាសន្នបែបនេះ កូនរបស់គាត់តោងជាប់នឹងដើមឈើ ហើយត្រូវបានក្រុមអ្នកសង្រ្គោះ ជួយទាន់ពេលវេលា។ ប៉ុន្តែជាអកុសល បុរសជាឪពុក បានធ្លាក់ចូលទៅក្នុងទឹក ហើយត្រូវទឹកហូរកួចយកបាត់។

សមត្ថកិច្ច បានបន្ដថា បន្ទាប់ពីមានហេតុការណ៍គ្រោះអកុសលបែបនេះ សមត្ថកិច្ចបានព្យាយាមបើកកាណូតស្វែងរកសពរបស់ជនរងគ្រោះ អស់រយៈពេល២ថ្ងៃ ទើបនៅថ្ងៃទី២០ ខែតុលា សមត្ថកិច្ចបានរកសាកសពរបស់ជនរងគ្រោះឃើញហើយ ហើយដឹកមកកាន់ទីទួល ដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រុមគ្រួសាររបស់ជនរងគ្រោះ មានជីវភាពក្រីក្រខ្លាំងណាស់ សូម្បីតែលុយកាក់ សម្រាប់ធ្វើបុណ្យក៏គ្មានដែរ។ គ្រួសារនេះមានកូនច្រើន រស់នៅក្នុងបន្ទុក ហើយប្រពន្ធបានត្រឹមតែអង្គុយយំ មើលសពប្ដី និងបានស្រែកថា គ្រួសារខ្ញុំក្រ តើមានលុយកាក់ឯណា យកធ្វើបុណ្យឲ្យប្ដី។ប៉ុន្ដែទោះជាយ៉ាងណា គ្រួសារជនរងគ្រោះបានទទួលបានថវិកា ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល ព្រមទាំងការផ្តល់អំណោយជាបន្តបន្ទាប់ពីអាជ្ញាធរបន្ថែមទៀតផង៕

    

អត្ថបទដែលជាប់ទាក់ទង