គណនីហ្វេសបុកឈ្មោះ​​<យាយចាន់>បានបង្ហោះក្នុងហ្វេសបុករៀបរាប់​ ពេលបានអានហើយ ខ្លោចចិត្តនិងអាណិតអាសូរ ចំពោះអតិថិជន «បុរីពិភពថ្មី ផ្លូវវេងស្រេង»

ភ្នំពេញ៖«បុរីពិភពថ្មី ផ្លូវវេងស្រេង» ក្រោយផ្សារត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ បើទឹកនៅតែបែបនិងតទៅទៀត តើអោយពួកខ្ញុំរស់បែបណា? ។ នេះជាសម្តីរបស់អតិថិជន បុរីពិភពថ្មី ដែលបានបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ។

គណនីហ្វេប៊ុកឈ្មោះ «យាយ ចាន់» បង្ហាញកាលពីវេលាម៉ោង១២៖១៨នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដោយមានខ្លឹមសារទាំងស្រុង ថា ៖

ពេលខ្ញុំមករស់នៅក្នុងបុរីនេះ ខ្ញុំសប្បាយចិត្តហើយគិតថាខ្ញុំជ្រើសរើសទិញផ្ទះនៅបុរីពិភពថ្មីនេះគឺត្រឹមត្រូវហើយ មានទំនុកចិត្តជឿជាក់១០០% ផ្ទះមិនសូវមានបញ្ហាច្រើនទេ គ្រាន់តែផ្ទះខ្លះមានស្នាមប្រេះកំបោរបូកជញ្ជាំងខ្លះៗ បន្ទប់ទឹកជាន់ឡៅតឿមានបញ្ហាជ្រាបតិចតួច ម្ចាស់ផ្ទះក៏ជួលជាងជួសជុលកែកុនធ្វើទៅ គិតថាជារឿងតូចតាចដែរទេ គ្រាន់ជាងបុរីខ្លះគឺស្រុតផ្ទះក៏មាន។

ខ្ញុំជឿជាក់និងមានទំនុចចិត្តលើបុរីពិភពថ្មីរហូតមក ហើយក៏បានណែនាំអោយឪពុកម្តាយបងប្អូនមិត្តភក្តិអោយមកទិញបុរីពិភពថ្មីនិងដែរ ។ ពេលពួកគាត់មកទិញគឺរកទីតាំងក្បែរផ្សារ គិតថាបានលក់ដូរ ឬ ជួលផ្ទះអោយគេក៏បានថ្លៃដែរ ឬ លក់ផ្ទះវិញក៏ចំណេញបានច្រើនគួរសមដែរ តែធាតុពិតគឺពួកគាត់ខកចិត្ត ផ្សារបើកមិនដើរ ហើយក៏បិទទៅវិញ ។

តែមិនថ្វីពួកខ្ញុំនៅតែបន្តក្តីសង្ឃឹមថា ថ្ងៃណាមួយគង់តែផ្សារគេបើកវិញទេ ម្ចាស់បុរីចំណាយលុយសង់ផ្សារអស់មិនតិចទេ គេមិនទុកចោលរហូតនោះឡើយ តែ «ដូចកាប់បំពង់រង់ចាំទឹកភ្លៀង» ។ ពួកខ្ញុំក៏មិនដែលទៅតវ៉ារឿងផ្សារអីដែរ ថ្ងៃណាគេបើកថ្ងៃណឹងទៅ ខ្ជិលគិត ខ្ជិលខ្វល់ ។ ប៉ុន្តែ បញ្ហាទឹកលិចនេះ ពួកខ្ញុំមិនខ្វល់មិនបានឡើយ ។

កន្លងមកភ្លៀងខ្លាំង យ៉ាងច្រើនលិចថ្នល់ ឬលិចចូលផ្ទះបងប្អូនមួយចំនួនតូច ដែលផ្ទះគាត់ទំនាបជាងគេ លិចយ៉ាងច្រើន ៣ទៅ៥ម៉ោង វាហូរទៅអស់ហើយ តែលើកនេះវាជាលើកទី១ហើយ ដែលលិចដល់ថ្នាក់នេះ ។

ពួកខ្ញុំទាំរស់ក្នុងទឹកស្អុយជាយូរថ្ងៃណាស់មកហើយ រំពឹងថាទឹកនឹងស្រក តែវាមិនស្រក ពួកខ្ញុំមិនអាចបន្តរស់ក្នុងទឹកស្អុយនេះយូរតទៅទៀតបានឡើយ ។ ពួកខ្ញុំត្រូវការប្រកបរបចិញ្ចឹមជីវិត បើផ្ទះលិចខ្លាំងមិនស្រកចឹង តើអោយពួកខ្ញុំរស់យ៉ាងម៉េច? ជាពិសេសកូនក្មេងនិងមនុស្សចាស់ និងអ្នកមានជំងឺ តើពួកគាត់ប្រឈមនឹងជម្ងឺផ្សេងៗ ហើយក្មេងៗមិនបានទៅរៀន ឪពុកម្តាយមិនបានទៅធ្វើការរកស៊ីចិញ្ចឹមគ្រួសារ ។

សូមមេត្តាម្ចាស់បុរីពិភពថ្មី លោកឧកញ៉ា ហុង ពីវ និង ក្រសួង មន្ត្រីដែលពាក់ព័ន្ធជួយសំរួលដល់ពួកខ្ញុំដោយអនុគ្រោះផង ជាពិសេស លោកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី សូមលោកជួយដោះស្រាយអោយពួកខ្ញុំដោយអនុះគ្រោះផង ។

បងប្អូនប្រជាជនដែលរស់នៅក្នុងបុរីពិភពថ្មីផ្លូវវេងស្រេងក្រោយផ្សារត្រពាំងថ្លឹង សង្ឃឹមនិងជឿជាក់ថា លោកឧកញ៉ា មិនទុកប្រជាជនដែលរស់នៅក្នុងបុរីរបស់ លោកឧកញ៉ា អោយលិចលង់ ចឹង នោះ ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង