ខ្លោចចិត្ត! ប្តីរវល់ដើរទិញអេតចាយ ឯប្រពន្ធទៅច្រូតស្មៅគោ មកវិញអគ្គិភ័យឆេះផ្ទះអស់

(សៀមរាប)៖ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ស្ថិតនៅក្នុងភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួកខេត្តសៀមរាប។

បើតាមមន្ត្រីនគបាល បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឆឿត ឈាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ លួម លេង និង មានកូនចំនួន០៤ នាក់ ។

ករណីខាងលើ បណ្ដាលឲ្យផ្ទះឈើ១ខ្នងទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ កម្ពស់៣ម៉ែត្រ ដំបូលប្រក់ស័ង្កសី ត្រូវខូចខាតទាំងស្រុង,  ម៉ូតូចំនួន០៣គ្រឿង, កង់ ចំនួន០១គ្រឿង និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត ត្រូវឆេះអស់ទាំងស្រុង។

បើតាមការរៀបរាប់ពីបុរសជាប្តី បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានទៅទិញអេតចាយនៅស្រុកវ៉ារិន ចំណែកប្រពន្ធ និងកូនតូច៣នាក់ ទៅច្រូតស្មៅគោ ស្រាប់តែមកវិញត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទៅហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការពន្លត់កម្លាំងសមត្ថកិច្ច មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួកនោះទេ ដោយសារស្ថានភាពផ្លូវតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យមិនអាចចូលរួច។

ករណីនេះ ត្រូវបានកម្លាំងសហការជាមួយប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋជួយពន្លត់​​ តែមិនអាចជួយបានដោយស្ថានភាពភ្លើងឆេះខ្លាំង ។ ករណីនេះ បានរលត់ទៅវិញ នៅវេលាម៉ោង១០និង០០នាទី

តាមការបញ្ជាល់ពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើង៕

អត្ថបទដែលជាប់ទាក់ទង