ឯកឧត្តម ស សុខា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ

(បន្ទាយមានជ័យ) ៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក ទទួលបន្ទុលខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ តង់ ថ្នាំពេទ្យ និងអាវយឺត ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នៅក្នុងឳកាសដែលឯកឧត្តម ស សុខា  អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋនោះដែរ ឯកឧត្តមបានថ្លែងថា៖ ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់ និងជំងឺផ្សេងៗ ស្នើឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តដូចខាងក្រោម ៖ ទី១. បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា សមាជិកគ្រួសារ ពិសេសកុមារ ចាស់ជរា និងជនពិការពីគ្រោះថ្នាក់ដោយសារលង់ទឹក ។ទី២. ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាក មួល ពុល ជំងឺរលាកផ្លូវដង្ហើម និងជំងឺដទៃ ផ្សេងទៀត ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រោះ រឺទឹកដាំពុះ រឺប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន រឺក្លរ៉ាមីន ។ ទី៣. ដំណាលគ្នានឹងការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ក៏ត្រូវតែយកចិត្តទុកដាក់បន្តការថែរក្សា សុខភាព ក៏ដូចជា បង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវតែអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល។ ទី៤. បញ្ឈប់រាល់សកម្មភាពឆ្លងដែនជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជា គ្រោះថ្នាក់ដែលបង្កឡើងដោយសារទឹកជំនន់។ទី៥. ចំពោះបងប្អូនដែលមានបញ្ហាខ្វះខាតផ្នែកជីវភាពទាំងអស់ ជាពិសេសក្នុងដំណាក់កាល នៃការរីករាល នៃជំងឺកូវីដ-១៩ នេះ សូមរាយការណ៍ ឬផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីលោកអាចជួយអន្តរាគមន៍ផ្តល់ជំនួយឧបត្ថម្ភសម្រាលដល់ជីវភាពបានទាន់ពេលវេលា។ទី៦. សូមបង្កើនការប្រុងប្រយ័ត្ន និងការពារពីគ្រោះថ្នាក់ ដែលអាចកើតឡើងដោយសត្វអសិរពិសផ្សេងៗ។ បើមានកើតឡើង សូមបងប្អូនបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជាបន្ទាន់ ឬទាក់ទងទៅអាជ្ញាធរដែនដី ប្រសិនបើខ្វះមធ្យោបាយទៅមន្ទីរពេទ្យ ៕         

អត្ថបទដែលជាប់ទាក់ទង