ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់

(ពោធិ៍សាត់) ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់នៅត្រង់ចំណុចគល់ស្ពានចាស់ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បន្ទាប់ពីបាត់ខ្លួនប៉ុន្មានថ្ងៃកន្លងទៅ ។

ការប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់នេះបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះដែលបានចុះធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី បានមកលេងផ្ទះម្ដាយចុងឈ្មោះ សោម អ៊ូច អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា តាមការបំភ្លឺពីសាច់ញាតិថា ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានផឹកស្រា រួចដើរទៅងូតទឹកស្ទឹង និងហែលលេងនៅត្រង់ចំណុចមុខផ្ទះដែលគាត់ស្នាក់នៅ(ភូមិ.ឃុំអន្លង់វិល) ហើយក៏បាត់ខ្លួនរហូតមក ស្រាប់តែប្រទះឃើញសពនៅថ្ងៃនេះ។

តាមការពិនិត្យ និងស្រាវជ្រាវជាក់ស្ដែងសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង