របាយការណ៍៖ អ្នកស្លាប់ដោយទឹកជំនន់ កើនដល់ ៤៣នាក់ ខណៈខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់

ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៣នាក់។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។

សូមបញ្ជាក់ថា ដើម្បីជាការចូលរួមរំលែកទុក្ខ និងដោះស្រាយការលំបាករបស់គ្រួសារសព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភគ្រួសារសព ក្នុងមួយសព ១០លានរៀល ហើយឧកញ៉ា ឡាវ ប៊ុនប៉ា ឧបត្ថម្ភ ៤លានរៀល។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀស។

គ្រោះទឹកជំនន់នេះ ក៏បង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង ១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង, លិចសាលារៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។ របាយការណ៍បន្ថែមថា ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ៦១៧គីឡូម៉ែត្រ, លិចផ្លូវលំជនបទ ១,៦៨៥គីឡូម៉ែត្រ, ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយមេ ២៧០គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយរង ២៧១គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយស្រោចស្រព ១៤៦គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងដែរថា គ្រោះទឹកជំនន់ បានជន់លិចស្រូវ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦,៩៤៥ហិកតា៕

អត្ថបទដែលជាប់ទាក់ទង