នគរបាលព្រហ្មទណ្ឌ​ បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ករណីចេញសែកអត់មានសាច់ប្រាក់

ភ្នំពេញ ៖ បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ករណីចេញសែក ៥.៣០៥០ដុល្លារ អត់សាច់ប្រាក់ កាលពីថ្ងៃទី៤ ខែវិច្ឆិកាម្សិលមុិញ។ បន្ទាប់ពីមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់នោះ ឈ្មោះ សុត  ឡុង ពីបទចេញមូលប្បទានប័ត្រអត់សាច់ប្រាក់។

ជនសង្ស័យឈ្មោះ សុត ឡុង បានពឹងជនរងគ្រោះឱ្យជួយរកខ្ចីប្រាក់គេចំនួនជាង ៥.៣០៥០ដុល្លារ និងបានចេញមូលប្បទានប័ត្រមួយសន្លឹក ដេីម្បីធានាសងជនរងគ្រោះ។ លុះដល់ថ្ងៃកំណត់ត្រូវសងលុយជនរងគ្រោះ បានយកមូលប្បទានប័ត្រដែលមានតម្លៃ ៥.៣០៥០ដុល្លារ ទៅធនាគារបេីកលុយ បែរជាខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។ ហេតុនេះហើយទើបជនរងគ្រោះប្ដឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់ ឈានដល់ឃាត់ខ្លួន។

សមត្ថកិច្ចបង្ហើបថា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ សមត្ថកិច្ចបានបញ្ជូនខ្លួនឈ្មោះ សុត ឡុង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ក្នុងបទល្មើសព្រហ្មទណ្ឌនេះ៕

អត្ថបទដែលជាប់ទាក់ទង