ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់រះដោយកាំភ្លើងខ្លីប្រមាណ ១០គ្រាប់ សំដៅទៅលើរថយន្តចំនួន ០២គ្រឿង

(ព្រះសីហនុ)៖ ប្រជាពលរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោងប្រមាណ០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់រះដោយកាំភ្លើងខ្លីប្រមាណ ១០គ្រាប់ សំដៅទៅលើរថយន្តចំនួន ០២គ្រឿង ដែលម្ចាស់ចតទុកនៅមុខសណ្ឋាគារចិន មួយកន្លែងស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានទីតាំងក្បែរអាហារដ្ឋាន “គឹមទ្រី”។

ប្រភពបញ្ជាក់ថា រថយន្តចំនួន០២គ្រឿង ដែលត្រូវខ្មាន់កាំភ្លើងបាញ់រះនោះ មានម៉ាក Lang Rover ពាក់ស្លាកលេខ ភ្នំពេញ 2BP- 7777 និងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AG- 3686 និងបានខូចខាតបែកកញ្ចក់ និងធ្លុះធ្លាយតួរថយន្តជាច្រើនកន្លែងទៀត។

ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបញ្ហាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន និងស្នើដល់កម្លាំងសមត្ថកិច្ចស្ថាបនជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ជួយពន្លឿនបើកការស៊ើបអង្កេត ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសឲ្យបានឆាប់។

យ៉ាងណាក៏ដោយចុះ គិតត្រឹមរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកានេះ គេមិនទាន់ឃើញ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមួយ បង្ហាញរបាយការណ៍ លើករណីជនល្មើសបើកការបាញ់បោះសេរី បង្កការភ្ញាក់ផ្អើលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្រុងព្រះសីហនុនេះនៅឡើយទេ។

ទោះជាបែបនេះក្តី ប្រភពពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នើមិនបង្ហាញឈ្មោះ បានប្រាប់ ថា ករណីខ្មាន់កាំភ្លើងដែលបានបាញ់រះ ទៅលើរថយន្តចំនួន ០២គ្រឿង ដែលម្ចាស់ចតទុក នៅមុខសណ្ឋាគារចិនខាងលើនេះ កម្លាំងជំនាញកំពុងបើកការស៊ើបអង្កេត និងបានកំណត់មុខសញ្ញាជនល្មើសខ្លះៗហើយ តាមរយៈកាម៉េរ៉ាសុវត្ថិភាព..៕

អត្ថបទដែលជាប់ទាក់ទង