ជនសង្ស័យម្នាក់ត្រូវបានអ្នកស្រុកព្រួតចាប់បានវាយទ្រមខ្លួនរួចប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបានធ្វើសកម្មភាពកាប់នឹងពូថៅលើស្ត្រីម្នាក់

(កណ្តាល) ៖ ជនសង្ស័យម្នាក់ត្រូវបានអ្នកស្រុកព្រួតចាប់បានវាយទ្រមខ្លួនរួចប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបានធ្វើសកម្មភាពកាប់នឹងពូថៅលើស្ត្រីម្នាក់ហើយចាប់ក្បាលជ្រមុជចូលក្នុងទឹក ប្លន់យកខ្សែក ក្រវិល ខណៈកំពុងមើលទឹកស្រែ ដែលអំពើប្លន់ដ៏ឃោរឃៅនេះកើតឡើង នាថ្ងៃសុក្រទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២០វេលាម៉ោងប្រហែល៧និង២០នាទីនៅចំណុច វាលស្រែភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជិន ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមានរបួសធ្ងន់ត្រង់ក្បាលដេរចំនួនម្ភៃប្រាំថ្នេរ សម្រាកនៅគ្លីនិកឯកជន ជួន ម៉ាឌី រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ ខ្សែកផ្លាកទីនទម្ងន់៣ជីមួយខ្សែ និង ខ្សែដៃមាសទម្ងន់៥ជីមួយខ្សែ និង ក្រវិលមាសមួយគូទម្ងន់១ជី។

ចំណែកជនសង្ស័យឈ្មោះ រិត រ៉ា ហៅអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅបន្ទប់ជួលភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជនសង្ស័យត្រូវបានប្រជាជនជាច្រើនគ្នាឃាត់ខ្លួនបាន ហើយវាយបណ្ដាលឱ្យមានរបួសក្បាលដេរចំនួន១៨ថ្នេរ និង រលាត់ស្បែកត្រង់កខាងស្ដាំ និងហើមថ្ពល់ខាងស្ដាំ។

វត្ថុតាងចាប់យករួម ពូថៅដងឈើចំនួនមួយ,ខ្សែគោចំនួនមួយខ្សែប្រវែង២.៥០ម៉ែត្រ, កាបូបស្ពាយពណ៌ប្រផេះចំនួនមួយ,ដែកឆាបមុខស្រួចដងជ័រចំនួនពីរ,កូនសោទ្វារចំនួនពីរចងខ្សែពណ៌ក្រហម,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឈ្មោះឡេង ចន្ថា ចំនួនមួយសន្លឹក, ដែកកេះចំនួនពីរ និង ក្រដាស់យ័ន្តចំនួនមួយនិងខ្សែកផ្លាកទីនចំនួនមួយខ្សែជារបស់ជនរងគ្រោះ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានជិះម៉ូតូទៅមើលស្រែនៅចំណុចកើតហេតុ ។ ពេលទៅដល់ស្រែជនរងគ្រោះបានទុកម៉ូតូនៅលើផ្លូវ ហើយដើរតាមភ្លឺស្រែដោយបញ្ច្រាស់ទិសជាមួយជនសង្ស័យ។ ពេលដើរផុតជនសង្ស័យបានប្រហែលដប់ម៉ែត្រ ស្រាប់តែជនសង្ស័យរត់មកពីក្រោយហើយកាប់ជនរងគ្រោះចំនួនប្រាំពូថៅ និង បានយកខ្សែរឹតក ហើយចាប់ក្បាលជ្រមុជទឹក រួចបានដោះយកខ្សែក និង ខ្សែដៃ និងក្រវិល ពីជនរងគ្រោះហើយរត់គេចខ្លួនទៅទិសខាងកើតបាត់ទៅ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅគ្លីនិកឯកជន ជួន ម៉ាឌី រាជធានីភ្នំពេញ។

ប៉ូលិសបន្តទៀតថា លុះដល់ម៉ោង០៨និង២០នាទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យត្រូវក្រុមមហាជនរកឃើញនិងព្រួតគ្នាវាយឱ្យមានរបួស ទើបសមត្ថកិច្ចខណ្ឌកំបូលរាជធានីភ្នំពេញទៅដល់ បានឃាត់ខ្លួនជនសង្ស័យបាន ហើយប្រគល់ឱ្យសមត្ថកិច្ចស្រុកអង្គស្នួល។ ជនសង្ស័យត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង